ព័ត៌មានជាតិ

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើម នៅកម្ពុជាប្រចាំឆ្នាំ២០១៩” ពី Global Business Outlook

ភ្នំពេញ : អេ អឹម ខេ ត្រូវបានវិនិច្ឆ័យទៅលើលក្ខខណ្ឌ និងគោលការណ៍ជាច្រើនដូចជា ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា មានជម្រើសច្រើនក្នុងការបង់សងកម្ចី ចំណាយថ្លៃសេវាទាប សេវាលឿនរហ័សទាន់ចិត្ត ការបង់សងត្រឡប់មានភាពបត់បែន អនុវត្តគោលនយោបាយ ការពារអតិថិជនពេញលេញ សេវាកម្មល្អ បុគ្គលិកមានវិជ្ជាជីវៈខ្ពស់ និងរួសរាយរាក់ទាក់ ដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព សម្រាប់អតិថិជន។ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបង្អស់ ដែលបង្កើតនាយកដ្ឋាន ស្រាវជ្រាវឯករាជ្យនៅក្នុងស្ថាប័ន ដើម្បីធ្វើការស្រាវជ្រាវផ្នែកទីផ្សារ ការស្ទង់មតិផ្សេងៗ អំពីភាពពេញចិត្តរបស់អតិថិជន និងសិក្សាពីការយល់ឃើញ និងឥរិយាបថរបស់អតិថិជនផងដែរ។ អេ អឹម ខេ ភីអិលស៊ី ត្រូវបានទទួលស្គាល់ជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅ កម្ពុជាប្រចាំឆ្នាំ២០១៩” ពី Global Business Outlook។

លោក គា បូរាណ ប្រធានយកប្រតិបត្តិ អេ អឹម ខេ មានប្រសាសន៍ថា ពានរង្វាន់នេះ បង្ហាញឲ្យឃើញថា អេ អឹម ខេ បាន និងកំពុងតែធ្វើកិច្ចការជាច្រើន ក្នុងគោលបំណង ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ដោយផ្តល់ជូនសេវាហិរញ្ញវត្ថុ សម្បូរបែបនៅកន្លែងតែមួយ ជាពិសេសអតិថិជន ដែលរស់នៅតំបន់ជនបទ។

“ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជោគជ័យរបស់ អេ អឹម ខេ ដោយសារតែការបង្កើតវប្បធម៌ នៃការច្នៃប្រឌិត ក្នុងការផ្តល់សេវាធនាគារបែបទំនើប ដល់អតិថិជន ព្រមទាំងការអភិវឌ្ឍឥតឈប់ឈរ នូវប្រព័ន្ធធនាគារស្នូលរបស់យើង ដើម្បីធានាថា អតិថិជនមានការពេញចិត្តលើសេវាកម្ម និងផលិតផលរបស់ អេ អឹម ខេ។ ជាមួយគ្នានេះផងដែរ អេ អឹម ខេ បានធ្វើការវិនិយោគ យ៉ាងយកចិត្តទុកដាក់ ទៅលើបច្ចេកវិទ្យាថ្មី ដើម្បីពង្រីកវិសាលភាព ដោយធានាឲ្យមានប្រសិទ្ធភាព ខ្ពស់លើប្រតិបត្តិការ” នេះជាការលើកឡើងរបស់លោក បូរាណ។

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ អេ អឹម ខេ ធ្វើប្រតិបត្តិការក្នុងភូមិចំនួន ១២.៦៧៤ ស្មើនឹង៩០% នៃចំនួនភូមិសរុបនៅកម្ពុជា មានការិយាល័យសរុបចំនួន ១៤៩ បុគ្គលិកជាង ៣.០០០នាក់ ម៉ាស៊ីនដក/ដាក់ប្រាក់ចំនួន៥៦ និង ភ្នាក់ងារជាង ៥.០០០កន្លែង ទូទាំងប្រទេស។ អេ អឹម ខេ កំពុងបម្រើសេវាជូនអតិថិជន ចំនួនជិត ៩០ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣២០លាន ដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៨០លាន ដុល្លារអាមេរិក។ អេ អឹម ខេ ក៏បានផ្តល់សេវាធានារ៉ាប់រង ខ្នាតតូចលើសុខភាព និងគ្រោះថ្នាក់ ដល់អតិថិជនប្រាក់កម្ចីរបស់ខ្លួនជាង ៣២០.០០០ នាក់នៅទូទាំងប្រទេស ដើម្បីការពារពួកគេ ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលកើនមានយថាហេតុ។

អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងសេវាហិរញ្ញវត្ថុផ្សេងទៀត៕

To Top