ព័ត៌មានជាតិ

រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច សម្រាប់ជួយបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Dmity Tsvetkov បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ី នឹងនៅតែបន្តជួយ ធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមអគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ការលើកឡើងរបស់ លោក Dmity Tsvetkov យ៉ាងដូច្នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅអគ្គបញ្ជាការដ្ឋាន ។ ជាមួយនោះ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ក៏បានលើកឡើងពីការត្រៀមខ្លួនជានិច្ច ដើម្បីសហការជួសជុល និងធ្វើទំនើបកម្មអាវុធយុទ្ធភណ្ឌ និងគ្រឿងបច្ចេកទេសយោធា របស់កងយោធពលខេមរភូមិន្ទផងដែរ។

ថ្លែងនៅក្នុងជំនួបនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្តទទួលយក ចំពោះការលើកឡើង របស់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ដោយនាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា នេះគឺជាចំណុចល្អ ដែលកម្ពុជាចង់បាន ហើយសំខាន់បំផុតនោះ គឺការជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ការជួសជុលគ្រឿងសម្ភារបច្ចេកទេស ការផ្លាស់ប្ដូរទស្សនកិច្ច និងការជួយដល់ កម្លាំងកងទ័ពជើងគោកជាដើម។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណ ដល់អតីតសហភាពសូវៀត ដែលបានជួយជ្រោមជ្រែងកម្ពុជាគ្រប់បែបយ៉ាង ក្នុងគ្រាដែលកម្ពុជាជួបការលំបាក នៃសង្រ្គាមអស់រយៈកាលជាច្រើនឆ្នាំ ជាពិសេសការជួយ បណ្តុះបណ្តាលធនធានមនុស្ស សម្ភារ គ្រឿងបំពាក់នានា។

នាយឧត្ដមសេនីយ៍ បានបន្តថា បច្ចុប្បន្ននេះកម្ពុជាមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យដែលសមិទ្ធផលទាំងនេះ គឺមិនអាចកាត់ផ្តាច់បាន ពីការជួយឧបត្ថម្ភរបស់មិត្តរុស្ស៊ី ហើយដែលកម្ពុជា នៅតែចាត់ទុករុស្ស៊ីថាជាមិត្តដ៍សំខាន់ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ។ ដើម្បីជាសក្ខីភាព នៃការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា រុស្ស៊ី នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសំណូមពរតាមរយៈឯកអគ្គរដ្ឋទូត ដើម្បីអញ្ជើញ អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាណាមួយសមស្រប ហើយដែលសំណូមពរនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានសន្យាថា នឹងរៀបចំជាក់ស្តែង ៕

To Top