ព័ត៌មានជាតិ

វៀតណាម មានការងារក្នុងស្រុកជាង ១,៥លានកន្លែង ខណៈប្រជាជន ១៤៧.០០០នាក់ ទៅធ្វើការនៅក្រៅប្រទេស

ហាណូយ៖ ក្រសួងការងារវៀតណាម បានរាយការណ៍កាលពីថ្ងៃពុធថា ការងារក្នុងស្រុកជាង ១,៥ លានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ខណៈដែលមនុស្ស ១៤៧.០០០ នាក់ត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

នៅក្នុងសន្និសីទបូកសរុបការងារមួយឆ្នាំដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោកអនុរដ្ឋមន្រ្តី ឡេ តាន់ដុងបាននិយាយថា ជនជាតិវៀតណាមសរុបជាង ១,៦៥ លាននាក់ត្រូវបានជួលឱ្យធ្វើការនៅឆ្នាំនេះ ដែលលើសពីគោលដៅដំបូង ៣,៥ ភាគរយ។

លោក ដុង បាននិយាយថា សមិទ្ធិផលទាំងនេះបានកើតឡើងបន្ទាប់ពីមានសកម្មភាពនិងផែនការជាបន្តបន្ទាប់ដែលបានអនុវត្តដោយក្រសួង ដើម្បីអភិវឌ្ឍទីផ្សារការងារ ការព្យាករណ៍ តម្រូវការ និងដើរតួជាអន្តរការី ដើម្បីភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការនៅក្នុងទីផ្សារ។

អនុរដ្ឋមន្រ្តីក្រសួងការងារវៀតណាមរូបនេះ បន្ថែមថា “ ក្រសួងបានអនុវត្តកម្មវិធីគម្រោងនិងគោលនយោបាយជាច្រើនស្តីពីជំនួយការងារសម្រាប់កម្មករជាពិសេសយុវជនពេញវ័យ ជនពិការ កម្មករចំណាកស្រុក និងជនបទ ស្ត្រីនិងជនភាគតិច៕

To Top