ភ្នំពេញ ៖ គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោលទាំងស្រុង ចំពោះការចុះផ្សាយបំផ្លើស ខុសពីការពិត តាមរយៈការ Comment របស់គណនី Facebook ឈ្មោះ Sila Chey ដែលបានបង្កើតចំណុច បង្គោលព្រំដែនក្លែងក្លាយលេខ៧៨ នៅលើប្រព័ន្ធអ៊ីនធឺណែត កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលថា ចំណុចបង្គោលព្រំដែនក្លែងក្លាយនោះ ខុសគ្នាជាង៥គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ៧៨ផ្លូវការ ។ ពោលគឺថា ភាគីវៀតណាម បោះចូលដីខ្មែរជាង៥គីឡូម៉ែត្រ។
សេចក្តីថ្លែងការណ៍ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា បង្គោលព្រំដែនលេខ៧៨ផ្លូវការ គឺជាប្រភេទបង្គោលភ្លោះ រួមមាន ៖ បង្គោលលេខ៧៨ (១) បោះនៅត្រើយខាងលិចទន្លេចាម លើទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ និងបង្គោលលេខ៧៨(២) បោះនៅត្រើយខាងកើតទន្លេចាម លើទឹកដីវៀតណាមក្នុងភូមិសាស្ត្រ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែននៅតំបន់នេះ ដើរតាមពាក់កណ្តាលទន្លេចាម ។ បង្គោលព្រំដែនលេខ៧៨ផ្លូវការនេះ ត្រូវបានបោះតាមផែនទីផ្លូវការ ដែលប្រទេសទាំងពីរ បានអនុម័តទទួលយក ។
គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែនរៀបរាប់ថា ការបង្កើតចំណុចព្រំដែនលេខ៧៨ក្លែងក្លាយ នៅលើប្រព័ន្ធអ៊ីធឺណែតនេះ បានធ្វើឡើង បន្ទាប់ពីក្រុមជនអគតិមួយចំនួន ដែលមាននិន្នាការប្រឆាំង បានវាយប្រហាររាជរដ្ឋាភិបាលថា បានកាត់ដីឲ្យវៀតណាម ក្រោយពេលកម្ពុជា-វៀតណាម បានចុះហត្ថលេខា លើឯកសារព្រំដែនចំនួន២ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ រួមមាន ៖ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម។
ប្រភពបកស្រាយបន្តថា “ការពិតចំណុច បង្គោលព្រំដែនផ្លូវការលេខ៧៨ មិនបានបោះចូលក្នុងទឹកដីកម្ពុជា ជាង៥គីឡូម៉ែត្រដូចការ Comment និងរូបភាពបង្ហាញទីតាំង បង្គោលក្លែងក្លាយរបស់អខោន Facebook Sila Cheyឡើយ។ ដូច្នេះគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿលើរាល់ការបង្ហោះបោកប្រាស់ របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារ ដល់កិច្ចការព្រំដែន របស់រាជរដ្ឋាភិបាល” ៕