ព័ត៌មានជាតិ

ព្រឹទ្ធសភា ស្នើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្តបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្តបេសកកម្មដ៏ឧត្តុង្គឧត្តម របស់ខ្លួន និងតាមស្មារតីត្រឹមត្រូវ។

ក្នុងពិធីបើកសន្និបាតបូក សរុបការងារ១៦ខែដំបូង និងទិសដៅការងារឆ្នាំ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានការចូល រួមពីគណបក្សនយោបាយ ចំនួន១៦ ដែលជាសមាជិក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្តេច សាយ ឈុំ បានថ្លែងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត។

សម្ដេចមានប្រសាសន៍ថា «ស្នើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនតាមស្មារតី នៃអង្គសន្និបាតនាពេលនេះបានដាក់ចេញ»។

បន្ថែមពីនេះ ប្រធានព្រឹទ្ធសភា សង្កេតឃើញថា ថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយទាំង១៦ បានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលរួមមាន ៖ ទី១-លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ត្រូវបានពង្រឹងពង្រីកស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ។

ទី២-រាជរដ្ឋាភិបាល ទទួលបានធាតុចូលពីយន្តការក្រៅក្របខណ្ឌសភា ដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ របស់ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។

ទី៣-ការចូលរួមមតិដ៏ល្អៗរបស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ និងលើលិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល។

ទី៤-លទ្ធផលនានារបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។

និងទី៥-បានទប់ស្កាត់នូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅ មកលើកិច្ចការផ្ទៃក្នុងកម្ពុជា ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ៕ ដោយ អេង ប៊ូឆេង

To Top