ភ្នំពេញ៖ ការប្រឡងប្រជែង សិស្សចៅក្រមជំនាន់ទី១០ ដែលក្រសួងយុត្តិធម៌ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និង សាលាវិជ្ជាជីវៈចៅក្រម បានដំណើរការពិតជាមានតម្លាភាព យុត្តិធម៌ និង ត្រឹមត្រូវតាំងពីដំណាក់កាលមុនប្រឡង ពេលប្រឡង និង ក្រោយពេលប្រឡង ។ នេះបើតាមការវាយតម្លៃខ្ពស់ របស់ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ។
នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៥៣ អាណត្តិទី២ នៃ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុកលួយ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ពិនិត្យឃើញថា វិញ្ញាសាររបស់បេក្ខជនម្នាក់ៗ ត្រូវបានកែដោយគ្រូកំណែ មានអធិបតេយ្យចំនួន២រូប ហើយបូកបញ្ចូលគ្នា ចែកយកពិន្ទុមធ្យមភាគសម្រាប់ប្រជែងគ្នា ។ ក្រៅពីនោះ គ្រប់ផ្នែកនៃការប្រឡងលើកទី១០នេះ ក៏សុទ្ធតែបានដំណើរការ ដោយយកចិត្តទុកដាក់ មិនមានអ្វីខុស ខ្វះខាតចន្លោះ ហើយសូម្បីតែវិញ្ញាសារសួរផ្ទាល់មាត់ ក៏មានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅជាមួយធ្វើការសង្កេតការណ៍ដែរ ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ វាយតម្លៃខ្ពស់ការយកចិត្តទុកដាក់ ប្រកាសព័ត៌មានភ្លាមៗ ពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងការអញ្ជើញមកបំភ្លឺ ជូនបេក្ខជនតវ៉ា៦រូប ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និង ថ្នាក់ដឹកនាំសំខាន់ៗ របស់ក្រសួងយុត្តិធម៌ មានលោករដ្ឋលេខាធិការ កើត រិទ្ធ និង លោក ផូវ សំភី ផងដែរ ៕