ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងក្តីអាណិតអាសូរបំផុត ចំពោះមរណភាពសិល្បករកំប្លែង លោក សួន សុខហ៊ីម (ហៅនាយស្មាញ) ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើវិថី៦០ ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនឹងការសោកស្ដាយ និងអាណិតអាសូរនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យក្រុមជំនួយការ យកថវិកាឧបត្ថម្ភមួយចំនួន យកទៅប្រគល់ ជូនក្រុមគ្រួសារសពដោយផ្ទាល់ ដើម្បីចូលរួមរៀបចំពិធីបុណ្យ ក៏ដូចជាចូលរំលែកទុក្ខគ្រួសារសព។
ការបាត់បង់នាយស្មាញ គឺជាការបាត់បង់នូវវីរសិល្បករខ្មែរ ប្រកបដោយគុណធម៌មួយរូប ដែលបានលះបង់អ្វីគ្រប់យ៉ាង ដើម្បីបម្រើវិស័យសិល្បៈខ្មែរ តាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយស្មាញក៏មានជំងឺប្រចាំកាយ និងតែងតែទទួលបាន ការសណ្តោសប្រណីពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដើម្បីឧបត្ថម្ភដល់ការព្យាបាលជំងឺ។
សូមបញ្ជាក់ផងដែរថា នាយស្មាញ មានឈ្មោះពិត សួន សុខហ៊ីម ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី នៅកងវរសេនាតូចសិល្បៈ ចំណុះស្នងការឃោសនា-ព័ត៌មាន នៃបញ្ជាការដ្ឋានអង្គរក្ស។ ជាក់ស្តែង នៅក្រោយទទួលបាន ព័ត៌មានដ៏ក្រៀមក្រំនេះ លោលនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានចាត់តាំងក្រុមការងារ បញ្ជាការដ្ឋានអង្គរក្ស រួមជាមួយគណៈកម្មការបុណ្យសព ថ្នាក់ឧត្តមសេនីយ៍ ពីក្រសួងការពារជាតិ ចុះជួបក្រុមគ្រួសារសពដោយផ្ទាល់ និងជួយរៀបចំពិធីបុណ្យសព ឲ្យបានសមរម្យ៕