កីឡា

វីរៈកីឡាការិនី កែ ឡេង ត្រូវបានដំឡើង ឋានន្តរស័ក្តិផ្កាយ២

ភ្នំពេញ ៖ វីរៈកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាស ជើងឯកពិភពលោក៤សម័យកាល ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានធ្វើការបំពាក់ស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពបូកសរុបលទ្ធផលការងារកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។

ថ្មីៗនេះ កីឡាការិនី កែ ឡេង បានក្លាយជាម្ចាស់ ជើងឯកពិភពលោកសារជាថ្មី លើវិញ្ញាសាវាយយកពិន្ទុឯកត្តជននារី ក្រោយយកឈ្នះកីឡាការិនីឡាវ Bivilak !Thepphkan នៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី កែ ឡេងបានយកឈ្នះកីឡាការិនី មីយ៉ាន់ម៉ា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា លោកស្រី កែ ឡេង បានឈ្នះជើងឯកពិភពលោក ៤សម័យកាលជាប់ៗគ្នា គឺឈ្នះមេដាយមាសជើងឯកពិភពលោក នៅបារាំងឆ្នាំ២០១៣ , បន្ទាប់មកនៅថៃឆ្នាំ២០១៥ , នៅចិនឆ្នាំ២០១៧ និងចុងក្រោយឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
ដោយ៖ធី លីថូ

To Top