ព័ត៌មានជាតិ

អាជ្ញាធរអប្សរាបូមទឹក បំពេញស្រះប្រាសាទអង្គរវត្ត ទាក់ទាញភ្ញៀវ នាថ្ងៃឆ្លងឆ្នាំ

ភ្នំពេញ ៖ ដោយសាររដូវវស្សាឆ្នាំនេះ មានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឲ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក ។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាឱកាសចូលឆ្នាំសកល នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូង នៃប្រាសាទអង្គរវត្ត។ នេះបើតាមការចុះផ្សាយ របស់អាជ្ញាធរជាតិអប្សរា។

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹក ក្នុងស្រះខាងត្បូងអង្គរ ចាប់ពីថ្ងៃទី២៧ ខែធ្នូមក។ ការងារនេះ នឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះរដូវវស្សាខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំ បានធ្វើឲ្យទឹកក្នុងស្រះនេះឆាប់ស្រក ដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឲ្យដឹងថា គោលបំណងនៃការងារនេះ ដើម្បីលើកតម្លៃទេសភាពវប្បធម៌ ក្នុងបរិវេណប្រាសាទអង្គរវត្ត ឲ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ ភ្ញៀវទេសចរ បានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមកភ្ញៀវទាំងនោះ មិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។

គួរបញ្ជាក់ថា ការងារបូមទឹកនេះ គឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើងវិញ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ ៕

To Top