ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿនអគ្គ ស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះបាន កិច្ចប្រជុំជាមួយតំណាងកាស៊ីណូ និងម្ចាស់អាជីវកម្ម អនឡាញទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយ សារាចរណែនាំ ស្ដីពី ការគ្រប់គ្រងអាជីវកម្ម ល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទនិង គ្រប់រូបភាពនៅកម្ពុជា។
អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន តទៅទៀតនោះឡើយហើយប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្ត បើកទៀតនឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ជាធរមាន។
លោកថា រាល់ល្បែងអនឡាញទាំងអស់មិនថាឆ្នោត ឡូតូ ឬល្បែងកាស៊ីណូអ្វីនោះទេឲ្យតែតាមប្រព័ន្ធអនឡាញគឺត្រូវតែបិទជាបន្ទាន់ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ក៏ត្រូវ តាមដានមើលជានិច្ចផងដែរ។
លោក នេត សាវឿនបានបញ្ជាក់ទៀតថា ការដែល រាជរដ្ឋាភិបាលសម្រេចបិទនូវអាជីវកម្មល្បែងតាមអនឡាញនេះគឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសង្កេតឃើញសកម្ម ភាពល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណែតទាំងក្នុង និងក្រៅប្រទេសទទួលបាន គោលការណ៍អនុញ្ញាតិពីរាជរដ្ឋាភិបាលនិងមួយចំនួនទៀត បានលួចលាក់ធ្វើសកម្មភាពតាមទីតាំង ផ្សេងៗគ្នា ហើយពួកឧក្រិដ្ឋជន បរទេសមួយចំនួនបានជ្រកក្រោមរូបភាពល្បែងប្រភេទនេះដើម្បីធ្វើ សកម្មភាពបោកប្រាស់ជំរិតទាប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គមជាដើម។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿនក៏បានអំពាវនាវដល់មន្រ្តីនគរ បាលយុត្តិធម៌និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការស្រាវជ្រាវនិងតាម ដានបន្ថែមទៀតចំពោះបំរាមទាំងនេះ ហើយប្រសិនបើមានបុគ្គលណាឬក្រុមហ៊ុនណាលួចលាក់បន្ត ធ្វើអាជីវកម្មបន្តទៀតនោះត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ជាបន្ទាន់ ដោយមិនលើកលែងនោះឡើយ។
ការប្រកាសបិទជាស្ថាពរនៅល្បែងតាមអនឡាញនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានចេញ សារាចរណែនាំកាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅបញ្ជារឲ្យទីស្តីការគណៈរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ត្រូវចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ដើម្បីអនុវត្តឲ្យសារាចរនេះមានប្រសិទ្ធភាពបំផុត៕