ព័ត៌មានជាតិ

រុស្ស៊ីនិងចិនប្រារព្ធធ្វើកិច្ចពិភាក្សា យូអិនថែមទៀត ស្តីពីការលើកលែង ទណ្ឌកម្មលើកូរ៉េខាងជើង

បរទេស៖ សមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ គ្រោងបើកកិច្ចប្រជុំផ្លូវការ នៅថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាចរចា ជុំទីពីរមួយ ស្តីពីសំណើរបស់ប្រទេសរុស្ស៊ី និងប្រទេសចិន ឲ្យលើកលែងទណ្ឌកម្មលើប្រទេស កូរ៉េខាងជើង ហើយនេះជាសកម្មភាពមួយ ដែលមន្ត្រីការទូតមួយចំនួន និយាយថា មានការគាំទ្រតិចតួច។

យោងតាមសេចក្តីរាយការណ៍ មន្ត្រីការទូតនៅក្នុងក្រុមប្រឹក្សាសន្តិសុខ បាននិយាយយ៉ាងដូច្នេះថា “ប្រទេសចិននិងប្រទេសរុស្ស៊ី កំពុងតែធ្វើការជំរុញសេចក្តីសម្រេច លើកលែងទណ្ដកម្មមួយ ដែលដឹងច្បាស់តាំងពីចាប់ផ្តើមថា ពួកគេមិនមានសម្លេងឆ្នោតឲ្យអនុម័តសេចក្តីសម្រេចនោះទេ”។

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង បានស្ថិតនៅក្រោមទណ្ឌកម្មអង្គការ សហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ជុំវិញកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែរ របស់ខ្លួន ដែលក្រុមប្រឹក្សាសន្តិសុខបានព្រមព្រៀងគ្នាជា ឯកច្ឆ័ន្ទពង្រឹងអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមន្ត្រីការទូតខ្លះនិយាយថា សាមគ្គភាពនឹងបែកបាក់ ប្រសិនបើប្រទេសរុស្ស៊ីនិងប្រទេសចិន ដាក់គម្រោងថ្មីរបស់ពួកគេ ឲ្យធ្វើការបោះឆ្នោត៕

To Top