ព័ត៌មានជាតិ

តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួន មន្ត្រីរាជការមួយរូប បើកឡានបុកក្មេងប្រុសអាយុ២ឆ្នាំស្លាប់ និងរបួស៧នាក់

កណ្តាល៖ លោក គឹម រ័ត្នណារិន អនុប្រធាននិងជាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចនៅល្ងាចថ្ងៃទី៣០ ខែធ្នូ នេះ ឃុំខ្លួនមន្ត្រីរាជការមួយរូបបើកឡានផ្លាកលេខរដ្ឋទាំងស្រវឹង ជ្រុលបុករថយន្តអ្នកដទៃ បណ្តាលអោយក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ និង មនុស្ស៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដាក់ពន្ធនាគារ បណ្តោះអាសន្ន ។

ព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះផ្ទាល់ និងជាអ្នកនាំពាក្យអយ្យការអមសាលា ដំបូងខេត្តកណ្តាលផងនោះ គឺ លោក ទិន សុចិត្រា ថ្លែងប្រាប់ថា លោកបានចោទប្រកាន់ជនបង្កពីបទ “បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ច បណ្តាលអោយរបួសដល់អ្នកដទៃ” តាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

អ្នកច្បាប់មួយរូប លើកឡើងថា តាមរយៈអង្គហេតុ ដែលធ្វើអោយ ៥មនុស្សស្លាប់និងរងរបួសបែបនេះ គប្បីតុលាការចោទប្រកាន់ពីបទ “បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ច បណ្តាលអោយស្លាប់អ្នកដទៃ” មាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

សមត្ថកិច្ច អះអាងថា ជនរងគ្រោះទាំងអស់មានឈ្មោះ ៖ ទី១ឈ្មោះ ជិន សុខន ភេទស្រីអាយុ៣៤ ឆ្នាំ (ស្រាល) ទី២ ឈ្មោះហ៊ុន ចាន់ធីតា ភេទស្រី អាយុ៣៣ឆ្នាំ (របួសធ្ងន់) ទី៣ ឈ្មោះហ៊ុន សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ (ស្រាល) ទី៤ ឈ្មោះ ហឿន ប៊ុនហ៊ុយ ភេទប្រុស អាយុ១០ឆ្នាំ (ស្រាល)ទី៥ ឈ្មោះហឿន ប៊ុនហៀង ភេទប្រុស អាយុ៨ឆ្នាំ (ស្រាល) ទី៦ ឈ្មោះស៊ីម សូលិកា ភេទស្រី អាយុ៨ឆ្នាំ (ស្រាល) ទី៧ ឈ្មោះស៊ឹម វឌ្ឍនៈ ភេទប្រុស អាយុ៤ឆ្នាំ (ស្រាល) ទី៨ ឈ្មោះស៊ីម រិទ្ធស័ក ភេទប្រុស អាយុ២ ឆ្នាំ របួសធ្ងន់និងបានស្លាប់នៅមន្ទីរពេទ្យ ។ អ្នកទាំង៨នាក់ រស់នៅភូមិព្រៃកន្រាឃុំ រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនបង្ករូបនេះ ឈ្មោះ សន សៅលី អាយុ៥៧ឆ្នាំ មានទីលំនៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨៖៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវលេខ៣៤ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សាក្សីបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក ford ranger ពណ៌ស ពាក់ផ្លាកលេខរដ្ឋ2.2277 បើកបរក្នុងទិសដៅពីលិច មកកើត ។

ពេលមកដល់ចំណុចកើតហេតុ រថយន្តបានឡើងជែងរថយន្តបែន ១គ្រឿងទៀត ដែលបើកបរក្នុងទិសដៅស្របគ្នា មកបុកចំពីមុខនឹងរថយន្ត១គ្រឿងទៀតម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-6511 ដែលបើកបរក្នុងទិសដៅពីកើតមកលិចបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះស៊ិន ចិន្ថា ភេទប្រុស និង អ្នករួមដំណើរ៨នាក់ទៀត ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបររថយន្ត ford ranger បើកបរ ក្នុងស្ថានភាពស្រវឹង មានល្បឿនលឿនជែងក្នុងស្ថានភាពគ្រោះថ្នាក់មិនមើលពីស្ថានភាពផ្លូវតូចចង្អៀត ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕

To Top