ព័ត៌មានជាតិ

បារាំងផ្ដល់ឥណទានសម្បទាន ជាង១០០លានដុល្លារ សម្រាប់អភិវឌ្ឍគម្រោង២ នៅកម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទានសម្រាប់ គម្រោងចំនួន២ ជាមួយ លោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ ចំនួន១១៨លានអឺរ៉ូ (ប្រមាណជា១២១, ៣២ លានដុល្លារ) ដើម្បីចូលរួមអភិវឌ្ឍកម្ពុជា ឲ្យកាន់តែមានការីកចម្រើនបន្ថែមទៀត។

កិច្ចព្រមព្រៀងទាំង២នោះរួមមាន៖ ទី១,ឥណទានសម្បទានចំនួន ១០០ លានអឺរ៉ូ (ប្រមាណជា ១០,៤ លានដុល្លារ) សម្រាប់គម្រោងសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បាក់ខែង ដំណាល់កាលទី២។ តាមរយៈកិច្ចព្រមព្រៀងនេះ, ទីភ្នាក់ងារបារាំង សំរាប់អភិវឌ្ឍន៍ (AFD) នឹងផ្តល់ឥណទានសម្បទាន បន្ថែម ចំនួន ១០០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងនេះ បន្តពីគម្រោង ជំហ៊ានទី១ ។គម្រោងនេះមានទិសដៅ ៖ ១, សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាព ផលិតទឹកស្អាតបាន១៩៥ ០០០ ម៉ែត្រគីបក្នុង១ថ្ងៃ ។ ២, បំពាក់បំពង់មេនាំទឹកស្អាត, បំពង់ចែកចាយ និងសម្ភារៈតភ្ជាប់បំពង់ និង ទី៣,ត្រួតពិនិត្យការងារ សាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាព មន្ត្រីរបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ លើការងារលទ្ធកម្ម និងតម្លើងបណ្តាញចែកចាយទឹក ។

គម្រោងទី២, ឥណទានសម្បទានចំនួន ១៨ លានអឺរ៉ូ (ប្រមាណជា ១៩,៩២ លានដុល្លារ)ស សម្រាប់ គម្រោងអភិវឌ្ឍន៍ ជំនាញសម្រាប់ការប្រកួតប្រជែង។ តាមរយៈកិច្ចព្រមព្រៀងនេះ, AFD នឹងផ្តល់ឥណទាន ចំនួន១៨ លានអឺរ៉ូ សម្រាប់ធ្វើសហហិរញ្ញប្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្ត គម្រោងអភិវឌ្ឍន៍ ជំនាញសម្រាប់ការប្រកួតប្រជែង ដែលមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាភ្នាក់ងារប្រតិបត្តិគម្រោង ហើយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាភ្នាក់ងារអនុវត្តគម្រោង ។

គម្រោងនេះ មានទិសដៅ៖ ទី១,កែលម្អ និងលើកកម្ពស់គុណភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតក្រោយមធ្យមសិក្សា, ទី២,លើកកម្ពស់ការសិក្សា ផង និងធ្វើការផង តាមបណ្តាឧស្សាហកម្ម នានា និង ទី៣,ពង្រឹងយន្តការ គ្រប់គ្រងហិរញ្ញវត្ថុ របស់គ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឲ្យប្រកបដោយ នវានុវត្តន៍ ។

ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងទាំងពីរខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅ
នឹងសេចក្តីត្រូវការ ជាអាទិភាព រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ ធនធានមនុស្ស តាមរយៈការលើកកម្ពស់ ចំណេះដឹង ជំនាញ វិជ្ជាជីវៈ សមត្ថភាព និង សហគ្រិនភាព និង វិស័យ អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងទីប្រជុំជន តាមរយៈការពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត និងការបំពាក់ប្រព័ន្ធចែកចាយ និងផ្គត់ផ្គង់ទឹកស្អាត ។

ហិរញ្ញប្បទានដ៏ថ្លៃថ្លា ពីរដ្ឋាភិបាលសាធារណរដ្ឋបារាំងនេះ នឹង រួមចំណែកដល់ការអនុវត្ត យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅជួយទ្រទ្រង់ កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែង បង្កើតការងារ បែងចែក ផ្លែផ្កានៃ កំណើនប្រកបដោយ សមធម៌ ដល់គ្រប់ស្រទាប់វណ្ណៈ នៃប្រជាជន និងបង្កើនប្រសិទ្ធិភាពនៃការវិនិយោគ ដែលជាមូលដ្ឋាន ឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ផងដែរ។

ហិរញ្ញប្បទានសហប្រតិបត្តិការ ពីសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារ
បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ផ្តោតទៅលើវិស័យ អាទិភាពសំខាន់ៗ រួមមាន៖ អភិវឌ្ឍន៍កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធជនបទ , បណ្តុះបណ្តាលជំនាញ, គាំទ្រវិស័យផលិតកម្ម, ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ១៩៩៣រហូតមកដល់បច្ចុប្បន្ននេះ សាធារណរដ្ឋបារាំង បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបចំនួនប្រមាណ ៨០២ លានអឺរ៉ូ ក្នុងនោះមាន ៖ ហិរញ្ញប្បទានឥតសំណងចំនួន ២០១លានអឺរ៉ូ, ឥណទានសម្បទាន “Sovereign Loan” ចំនួន ៤៣៤ លានអឺរ៉ូ និងឥណទានគ្មានការ ធានាពីរដ្ឋ “Non Sovereign loan”មានចំនួន ១៦៧លានអឺរ៉ូ៕ ដោយ៖ធី លីថូ

To Top