ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ នឹងបិទចរាចរ នៅផ្លូវជាតិលេខ៣ និងលេខ៤ នៅថ្ងៃ៥មករា

ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ខាងមុខ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ដើម្បីឲ្យក្បួនការប្រណាំងកង់ពិភពលោក ធ្វើការឆ្លងកាត់ ។

សេចក្តីជូនដំណឹងឲ្យដឹងថា ចាប់ថ្ងៃទី៤-៦ មករា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រណាំង កង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ឆ្នាំ២០២០ ដោយក្បួនប្រណាំង ត្រូវចេញដំណើរពីខេត្តកោះកុង និងបញ្ចប់ការប្រណាំងនៅខេត្តកែប។

ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ក្បួនប្រណាំងត្រូវឆ្លងកាត់ កំណាត់ផ្លូវជាតិលេខ៤ ចាប់ពីថ្នល់បំបែក ស្រែអំបិល ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ដល់រង្វង់មូលវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ និងកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ទឹកថ្លា-ត្រពាំងរពៅ) ក្នុងរង្វង់ម៉ោង ១២នាទីថ្ងៃត្រង់ ដល់ម៉ោង ១៤រសៀលថ្ងៃទី៥ មករា ។

តាមកម្មវិធីចាប់ពីម៉ោង១២ថ្ងៃត្រង់ ក្បួនប្រណាំងកង់ មកដល់ផ្លូវបំបែកស្រែអំបិល ឃុំចម្ការហ្លួង រួចបត់ស្តាំ តាមផ្លូវជាតិលេខ៤ សំដៅមករង្វង់មូលវាលរេញ ស្រុកព្រៃនប់។ ម៉ោង ១៣រសៀល ក្បួនប្រណាំងកង់ មកដល់រង្វង់មូលវាលរេញ ស្រុកព្រៃនប់ រួចបត់ឆ្វេង តាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត។

ដូច្នេះដើម្បីឲ្យព្រឹត្តិការណ៍ ប្រណាំងកង់ជាលក្ខណៈអន្តរជាតិនេះ ប្រព្រឹត្តដោយសុវត្ថិភាព ទទួលបានជោគជ័យ រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកការធ្វើចរាចរយានយន្តគ្រប់ប្រភេទ ឆ្លងកាត់តាមផ្លូវជាតិទាំងពីរ តាមពេលវេលាកំណត់ដូចខាងលើ៕

To Top