ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណ ដល់ជនរួមជាតិ ដែលគាំទ្រសារនយោបាយ សម្តេចចំពោះពាក្យមួយឃ្លាថា “អរគុណសន្តិភាព” ។
នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ដែលជាឆ្នាំថ្មីបានបង្ហាញ សារជាសំឡេង ប្រមាណជាជិត២នាទី និយាយផ្តោសំខាន់អរគុណសន្តិភាព ។ ក្នុងនោះសម្តេចបញ្ជាក់ថា “ឆ្នាំថ្មីនេះ យើងគួរមានចលនាមួយ គ្របដណ្ដប់ទូទាំងប្រទេសតែម្ដង ហើយខ្លឹមសារហ្នឹង គ្មានប្រឆាំងជាមួយអ្នកណាទេ គឺប្រើពាក្យថា អរគុណសន្ដិភាព” ។
យោងតាមគេហទំព័រហ្វេសប៊ុក សម្ដេចតេជោនៅថ្ងៃ២ មករានេះ បានឲ្យដឹងថា “សូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារ នយោបាយរបស់ខ្ញុំ គឺអរគុណសន្តិភាព ដែលខ្ញុំយល់ថា វាមានតម្លៃ មិនសាបសូន្យមិនថា កន្លងមក ថ្ងៃនេះនិងថ្ងៃក្រោយ» ។
សម្ដេចបញ្ជាក់ថា មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេវរករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព ។ អរគុណសន្តិភាព បានក្លាយទៅជាពាក្យ ស្លោករបស់ប្រជាជន ដែលស្រឡាញ់សន្តិភាព ៕ ដោយ ៖ អេង ប៊ូឆេង