ព័ត៌មានជាតិ

លោក អ៊ូ ច័ន្ទរ័ត្ន អំពាវនាវ ដល់សមត្ថកិច្ច ឲ្យចាត់វិធានការ ចំពោះជនទុច្ចរិត យករូបថតលោក

ដាក់លើគណនីហ្វេសប៊ុក ឈ្មោះអាក្របីស្រុក ទៅវាយប្រហារ លោកកឹម សុខា និងកូនស្រី
ភ្នំពេញ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីជាន់ខ្ពស់ បក្សប្រឆាំង បានធ្វើការអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច តាមដាននិងចាត់វិធាន ចំពោះជនទុច្ចរិត យករូបថតលោក ដាក់លើ គណនីហ្វេសប៊ុក ឈ្មោះអាក្របីស្រុក ទៅវាយប្រហារយ៉ាងខ្លាំង ដោយការប្រើប្រាស់ពាក្យ អាសគ្រាមប្រមាថ ខ្វះសីលធម៌ មិនថ្លៃថ្នូរទៅលើ លោកកឹម សុខានិងកូនស្រីច្បង។

លោក អ៊ូ ច័ន្ទរ័ត្ន បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២ មករា ឆ្នាំ២០២០នេះថា ” ខ្ញុំសូមជំរាបជូន ដល់សាធារណជន អ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ បានជ្រាបថា កន្លងមកមានជនទុច្ចរិត បានលួចយករូបថត របស់ខ្ញុំ អ៊ូ ច័ន្ទរ័ត្ន ដាក់លើគណនី (Account) facebook មួយ ឈ្មោះ “អាក្របីស្រុក” ។ ជាការកត់សំគាល់ លើគណនី នេះត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារយ៉ាងខ្លាំង ដោយការប្រើប្រាសពាក្យ អាសគ្រាមប្រមាថ ខ្វះសីលធម៌ មិនថ្លៃថ្នូរ ទៅលើលោកប្រធានកឹម សុខា និងកូនស្រីច្បងរបស់លោក”។

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា “ខ្ញុំពិតជាមានការសោកស្តាយ យ៉ាងខ្លាំង ដែលសង្គមយើងនៅមានប្រភេទជន ចូលរួមនយោបាយ មិនថ្លៃថ្នូរបែបនេះ ។ ខ្ញុំសូមអភ័យទោស ចំពោះសាធារណជន និងអ្នករងការប៉ះពាល់ ដែលខ្ញុំមិនបានតាមដាន និងបានដឹងទាន់ពេលវេលា ហើយក៏សូមអរគុណ ដល់ម្ចាស់ គណនី ឈ្មោះ Ah Srey ដែលបានផ្តល់ជាពត៌មាន ។ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ច តាមដាននិងចាត់វិធានការ អោយបានសមស្រប លើករណីបែបនេះ និងសូមអំពាវដល់បងប្អូន អ្នកប្រើប្រាស់បណ្តាញទំនាក់ ទំននងសង្គមអស់ ព្យាយាមប្រើប្រាសអោយ បានជាប្រយោជន៍ និងមានក្រមសីលធម៌” ៕

To Top