ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ច ប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ រួចមក ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី៣ មករា ស្អែកនេះ ដើម្បីបន្តសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈចំនួន៧ ។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ ព្រឹទ្ធសភា នៅថ្ងៃទី២ មករា នេះ ថា របៀបវារៈចំនួន៧ រួមមាន ៖
ទី១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឲ្យកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិ នៃអនុសញ្ញាសហប្រជាជាតិ ស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្ស ផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ។
ទី២-ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុនហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព ២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
ទី៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។
ទី៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង ។
ទី៥-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យ ក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ ។
ទី៦-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
និងទី៧-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លែន ខមផេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕
ដោយ ៖ អេង ប៊ូឆេង