ភ្នំពេញ ៖ ដើម្បីជួយកម្មករកម្ពុជា ជាង ៨០០០ នាក់ដែលបានបាត់បង់ ការងារ មានការងារធ្វើឡើងវិញ ដោយសារតែការបិទល្បែងភ្នាល់ តាមប្រព័ន្ធអ៊ីនណឺណិតនៅខេត្តព្រះសីហនុនាពេលថ្មីៗនេះ សមាគមសភាពាណិជ្ជកម្មក ម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានរៀបចំ កិច្ចប្រជុំស្តីពីការឆ្លើយតប ទៅនឹងសេចក្តីអំពាវនាវរបស់ សាលាខេត្តព្រះសីហនុ និងការដោះស្រាយការងារ របស់ប្រជាពលរដ្ឋកម្ពុជា ដែលគ្មានការងារធ្វើ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះ មានថ្នាក់ដឹកនាំរោងចក្រ និងក្រុមហ៊ុនចិនជាង ៤០ នាក់បានចូលរួមកិច្ចប្រជុំនេះ ដើម្បីផ្តល់ជាយោបល់នានា ។ ជាលទ្ធផលពួកគាត់ ព្រមទទួល និងស្វាគមន៍ចំពោះ កម្មករខ្មែរដែលបាត់បង់ ការងារឲ្យមានការងារធ្វើវិញ។
អគ្គលេខាធិការនៃសមាគម សភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ លោក JIANG KEXING បានថ្លែងថា «យើងខ្ញុំមកពី ប្រទេសចិន សាងសង់រោងចក្រនិងរកស៊ី នៅប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចសង្គម ដោយសកម្មនិងជួយ ដល់ប្រជាពលរដ្ឋក្នុងតំបន់ តាមសមត្ថភាព នាពេលទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន” ។
លោកសង្ឃឹមថា សហគ្រាសទាំងអស់គ្នាត្រូវមាន គំនិតត្រឹមត្រូវចំពោះការជ្រើសរើសកម្មករ ដែលបាត់បង់ ការងារពីកន្លែងកាស៊ីណូ។ នេះមិនគ្រាន់តែអាចបំពេញ តម្រូវការធនធានមនុស្ស របស់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកក្នុងស្ថិរភាពសង្គមនិងសុភមង្គល របស់ប្រជាជន នៅក្រុងព្រះសីហនុ និងបង្កើតគំរូល្អរបស់ វិនិយោគិនចិនទៀតផង។
លោកបានទាមទារឲ្យគ្រប់ រោងចក្រចិនគួរតែបំពេញទំនួលខុសត្រូវ សង្គមរបស់ខ្លួនយ៉ាងសកម្ម ប្រើប្រាស់កម្មករលាឈប់ពី រោងចក្រនៅពេល មុនឡើងវិញ និងទទួលយកបុគ្គលិកថ្មី ដែលចង់ ធ្វើការនៅរោងចក្រក្នុងតំបន់ ដើម្បីកែលម្អជីវភាព រស់នៅប្រជាពលរដ្ឋក្នុងតំបន់ និងធានាភាព សុខដុមរមនា ក្នុងសង្គម តាមរយៈការផ្ដល់ឱកាស ការងារជាក់ស្តែង។
លោកថា “សហគ្រាសដែល ចូលរួម ក្នុងកិច្ចប្រជុំទាំងនេះ បានឆ្លើយតបដោយសកម្ម ហើយក៏ស្វាគមន៍និយោជិកកម្ពុជាទាំងអស់មកធ្វើការនៅក្នុងរោងចក្រផងដែរ” ។
ចាប់តាំងពីរាជរដ្ឋាភិបាល កម្ពុជា បញ្ជា ឲ្យបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត ជាង៣ខែមកនេះ នៅក្រុងព្រះសីហនុ ហើយកាស៊ីណូ ជាច្រើនត្រូវបានបិទ ជនជាតិចិនដែលធ្វើការ នៅន្លែងកាស៊ីណូ ខុសច្បាប់ត្រូវបានចាកចេញទាំងក្រុមៗ ត្រឡប់ទៅវិញជាបន្តបន្ទាប់ ធ្វើឲ្យបុគ្គលិកកម្ពុជាមួយចំនួនធំ បានបាត់បង់ការងារធ្វើ។ នៅពេលនេះ សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានប្រមូលផ្តុំ សហគ្រាសចិនក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុជួបគ្នាដើម្បីដោះស្រាយបញ្ហាខាងលើនេះ ឲ្យទាន់ពេលវេលា ដែលសម្តែងនូវការដើរតួនាទី ជាស្ពាន រវាងសហគ្រាសនិង ប្រជាជនរបស់សមាគម ។
តាមការយល់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចម្ងាយ ១៧ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ប្រកាន់ខ្ជាប់ការអភិវឌ្ឍឧស្សាហកម្មជាក់ស្តែង។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន១៧៤ មកពីចិន អឺរ៉ុប អាមេរិក អាស៊ីអាគ្នេយ៍និងបណ្តា ប្រទេសដទៃទៀតបានឈរជើងនៅទីនេះ ហើយបានស្រូបយកកម្លាំងពលកម្មជិត ៣០០០០ នាក់ ។ ក្នុងចំណោមនេះ គ្រួសារ៧០% នៃស្រុកព្រៃនប់មានសមាជិកធ្វើការនៅ រោងចក្រក្នុងតំបន់។ ជាពិសេស ក្រោយពេលបញ្ចប់ ការសាងសង់ តាមផែនការអភិវឌ្ឍនៃតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទីនេះនឹងមានក្រុមហ៊ុនចំនួន ៣០០ សហគ្រាសអាច ផ្តល់ការងារដល់កម្មករពី៨-១០ម៉ឺននាក់ ហើយនឹងក្លាយជា ទីក្រុងឧស្សាហកម្មអន្តរជាតិថ្មីមួយ ដែលមានប្រជាជនកម្ពុជា រាប់ពាន់គ្រួសាររស់នៅ និងធ្វើការនៅទីនេះ ៕