ព័ត៌មានជាតិ

ក្រុមអតីតមន្រ្តីបក្សប្រឆាំង ដាក់លិខិតជាផ្លូវការ ទៅក្រសួងមហាផ្ទៃ ស្នើបង្កើតបក្សឈ្មោះ “ខ្មែរស្រឡាញ់ជាតិ”

ភ្នំពេញ ៖ ក្រុមអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលបានប្រកាសបង្កើតបក្សថ្មី កាលពីពេលកន្លងមកនោះ នាថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានដាក់លិខិតជាផ្លូវការហើយ ទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សឈ្មោះថា “ខ្មែរស្រឡាញ់ជាតិ” មានអក្សរកាត់ហៅថា គ.ខ.ស.ជ ។

ក្រោយពីបានដាក់លិខិតជាផ្លូវការ ទៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃដដែល ក៏បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសាន់វ៉េ ដើម្បីបង្ហាញពីគោលបំណង និងស្នើសុំនូវចំណុចមួយចំនួនផងដែរ ទៅកាន់ភាគីពាកព័ន្ធ ។

អតីតមន្រ្តីបក្សប្រឆាំងទាំងនោះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសបង្កើតគណបក្ស ដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ។ អតីតថ្នាក់ដឹកនាំ CNRP ទាំងនោះរួមមាន ៖ លោក ជីវ កត្តា លោក ស៊ឹម សុវណ្ណនី លោក ខឺយ ស៊ីនឿន លោក កង គឹមហាក់ លោក អាន ភារ៉ា លោក សុខ នីមល លោក សៀវ បុត និង លោក ចាន់ នីន ផងដែរ ។ គោលបំណង គឺបន្តគោលដៅស្មារតីសង្គ្រោះជាតិ , បង្កើតវប្បធម៌នយោបាយថ្មី , បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ , ផ្សះផ្សារជាតិ និងតស៊ូមតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ របស់ក្រុមអតីតមន្រ្តីបក្សប្រឆាំង បានឲ្យដឹងថា “យើងខ្ញុំ ជាស្ថាបនិកនៃគណបក្សខ្មែរស្រឡាញ់ជាតិ ដែលទើបបានដាក់ពាក្យ សុំបង្កើតគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ”។

ក្រៅពីនោះ ពួកគេក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលពីបញ្ហាមួយចំនួន ដូចជា ៖ ត្រូវបើកលំហរលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ការជួបជុំប្រមូលផ្តុំ សម្តែងមតិស្របតាមរដ្ឋធម្មនុញ្ញ , ដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ ទំលាក់រាល់បទចោទប្រកាន់នានា និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដល់ពួកគាត់ , ផ្តល់យុត្តិធម៌ , ដោះលែងលោកកឹម សុខា និងសហគមន៍អឺរ៉ុបពិចារណា ក្នុងការសម្រេចចិត្តនយោបាយ ពាក់ព័ន្ធប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋកម្ពុជា រាប់លាននាក់ ៕ ដោយ៖ធី លីថូ

To Top