ព័ត៌មានជាតិ

ជិះម៉ូតូលឿន ជ្រុលបុកបង្គោលភ្លើង ដួលបោកក្បាល ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលបុកបង្គោលភ្លើង ដួលបោកក្បាលស្លាប់ កាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះអតីតប្រមុខលន់ណុល តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ បឿន ភារៈ អាយុជាង២០ឆ្នាំ មានមុខរបរធ្វើការ នៅក្រុមហ៊ុនឯកជនមួយកន្លែង ស្នាក់នៅនៅក្រោយវត្តនួនមុន្នី ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅឃុំកណ្ដៀង ស្រុកពាមរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-9808 ធ្វើដំណើរទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានគេចពីរថយន្តមួយគ្រឿង មកខាងឆ្វេងប៉ះនឹងរបាំងថ្មចែកទ្រូងផ្លូវ ជ្រុលទៅបុកនឹងបង្គោលភ្លើង បំភ្លឺផ្លូវបណ្តាលឲ្យផ្លោងទៅផ្លូវម្ខាងទៀត បោកផ្ទប់នឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាង អាណោចអាធ័ម ។

បើតាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ប្អូនរបស់គាត់ បានជិះម៉ូតូពីកន្លែងស្នាក់នៅ ទៅលេងកូននៅឯស្រុកកំណើត ដោយនឹកកូនពេក លុះមកដល់ចំណុចកើតហេតុ បែជាអកុសលបានជួបគ្រោះ ថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង រួចប្រគល់ម៉ូតូជូនទៅសាច់ញាតិ ជនរងគ្រោះវិញ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយក ទៅស្រុកកំណើតធ្វើបុណ្យ៕

To Top