ព័ត៌មានជាតិ

សមាគមសហព័ន្ធស្វាយកម្ពុជា រកឃើញថា ស្វាយកែវរមៀតធ្លាក់ថ្លៃ ដោយសាររោងចក្រកែច្នៃក្នុងស្រុកទម្លាក់តម្លៃ ខណៈរោងចក្រក្រៅស្រុក បន្តទិញក្នុងតម្លៃសមរម្យដដែល

ភ្នំពេញ៖ក្រោយជួបប្រជុំជាមួយអាជ្ញាធរ និងអ្នកប្រមូលទិញរួចមក សមាគមសហព័ន្ធស្វាយកម្ពុជា រកឃើញថា ស្វាយកែវរមៀតធ្លាក់ថ្លៃយ៉ាងគំហុក ដោយសាររោងចក្រកែច្នៃក្នុងស្រុកទម្លាក់តម្លៃ ទើបបណ្ដាលឲ្យអ្នកបញ្ជាទិញ ចុះទិញពីកសិករជាអ្នកផលិតក្នុងតម្លៃថោក ទៅតាមនោះដែរ ខណៈរោងចក្រក្រៅស្រុក បន្តទិញក្នុងតម្លៃសមរម្យដដែល។

ក្រោយបញ្ចប់កិច្ចប្រជុំ ជាមួយរដ្ឋបាលសាលាឃុំ ត្រែងត្រយឹងនិងនិងម្ចាស់ដេប៉ូ ទិញស្វាយចំនួន៦រូបផ្សេងទៀត កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០លោកអ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគមសហព័ន្ធស្វាយកម្ពុជា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ខាងសាលាឃុំ បានធ្វើការអញ្ជើញម្ចាស់ដេប៉ូទិញស្វាយទាំង១៦ នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាអ្នកផ្គត់ផ្គង់ស្វាយ ចូលទីផ្សារទាំងក្នុង និងក្រៅស្រុក ដោយឡែកម្ចាស់ដេប៉ូចំនួន១០ទៀត មានការរវល់មិនបានចូលរួមនោះទេ ។

ក្រោយពីបញ្ចប់កិច្ចប្រជុំ រយៈពេលពេញ១ម៉ោង លោកអ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានរកឃើញចំណុច ឬបញ្ហាមួយចំនួន ដែលបានធ្វើឲ្យតម្លៃស្វាយធ្លាក់ចុះ ក្នុងនោះរោងចក្រកែច្នៃក្នុងស្រុក ក៏ជាចំណែកមួយផងដែរគឺ ទទួលទិញក្នុងតម្លៃ ១០៥០ ទៅ ១១៥០ រៀលក្នុង១គីឡូក្រាមដែល នាំឲ្យឈ្មួញកណ្តាលចុះទិញពីកសិករ ក្នុងតម្លៃ ៨០០ ទៅ ៩០០រៀលក្នុង១គីឡូក្រាម ពីព្រោះត្រូវចំណាយ ទៅលើកម្លាំងពលកម្ម និងដឹកជញ្ជូនអស់ប្រមាណ ១៥០ ទៅ ២០០រៀលនិងការទិញ-លក់គ្មានកិច្ចសន្យា។

អ្វីដែលជាការកត់សម្គាល់នោះ សមាគមសហព័ន្ធស្វាយកម្ពុជា អះអាងថា រោងចក្រក្រៅស្រុកនៅតែបន្តទិញស្វាយ ក្នុងតម្លៃលើសរោងចក្រក្នុងស្រុក ចាប់ពី២០០រៀល ទៅ២៥០រៀល ក្នុងមួយគីឡូក្រាមដដែល។

លោក អ៊ិន ឆៃវ៉ាន់ នាយកប្រតិបត្តិសមាគសហព័ន្ធស្វាយកម្ពុជា បានលើកឡើងជាទស្សនៈថា ដើម្បីរក្សាតុល្យភាពនៃតម្លៃស្វាយ ឲ្យបានល្អប្រសើរនោះ យើងគួរពង្រឹងអភិក្រម សហគមន៍ផលិត ឯកជន និងរដ្ឋ ពិសេសស្នើគ្រប់រោងចក្រ អនុវត្តកសិ-កិច្ចសន្យា (Contract Farming) និងផ្តល់តម្លៃសមរម្យ ដែលអាចធ្វើកសិកររស់បាន៕

To Top