ព័ត៌មានជាតិ

ធនាគារជាតិ អះអាងថា កម្ពុជានៅតែនាំចេញទៅ EU ទោះបីដក EBA គ្រាន់តែបង្កើន តម្លៃទំនិញនាំចេញ

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានឲ្យដឹងថា កម្ពុជានៅតែអាចនាំចេញទៅ សហភាពអឺរ៉ុប (EU) ទោះបីEUដក ប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខ លើកលែងអាវុធ (EBA) ពីកម្ពុជាក៏ដោយគ្រាន់ តែអាចបង្កើនថ្លៃទំនិញនាំចេញ ទៅEU ដោយសារការដាក់ពន្ធ ទៅតាមប្រភេទទំនិញ ។

យោងតាមលិខិតរបស់ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ទោះបី EU នឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ក៏ដោយ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា នៅតែរំពឹងថា បន្តមានកំណើន។

ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «កម្ពុជានៅតែអាចនាំចេញ ទៅសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដកក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែអាចបង្កើនថ្លៃ ទំនិញនាំចេញរបស់កម្ពុជា ទៅសហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់ ០,១% ទៅ ១២,៥% ទៅតាមប្រភេទទំនិញ»។

ធនាគារជាតិ បន្ដថា ប្រសិនបើតម្រូវការរបស់ EU មកលើទំនិញនាំចេញពីកម្ពុជានៅតែមាននោះ ការនាំចេញ របស់កម្ពុជាទៅ EU ក៏នៅតែមានកំណើនផងដែរ។ ជាពិសេសក្រោយពីការចាកចេញ របស់អង់គ្លេស ពីEU ដោយសារទំនិញកម្ពុជា នាំចេញទៅអង់គ្លេស មានចំនួន ២០% នៃការនាំចេញទៅ EU។

សូមរំលឹកថា សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀតនៅក្នុង ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បន្ទាប់ពីបានរកឃើញ ការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ ហើយ EBA បានធ្វើឲ្យកម្ពុជាចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ៕ ដោយ៖ អេង ប៊ូឆេង

To Top