ភ្នំពេញ៖ មន្រ្តីស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងថា នៅ ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងកសាងផ្លូវកៅស៊ូ ដែលមានរយៈចំងាយ ប្រមាណជា១៥០គីឡូម៉ែត្រ ពីកែងផ្លូវជាតិ៩ ចូលស្រុកឆែប ហើយឡើងទៅមុំ៣ កាត់តាមព្រំដែន។
ផ្លូវនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់តភ្ជាប់ទៅព្រំដែនឡាវ។
បើតាមមន្រ្តីដដែល បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏បានសាងសងស្ពាន ២០រួចរាល់ហើយដែរ ប៉ុន្តែដោយតម្រូវការយ៉ាង សំខាន់នាពេលខាងមុខ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការពង្រីកស្ពាន ដែលទើបសាងសង២ម៉ែត្រកន្លះទៀត ដើម្បីសម្រួលចរាចរណ៍។
មន្រ្តីឲ្យដឹងទៀតា ទៅថ្ងៃអនាគតប្រទេសទាំងពីរគ្រោង ធ្វើស្ពានឆ្លងកាត់ទន្លេល្ពៅ ដែលភ្ជាប់ពីស្រុកឆែបទៅឡាវ ហើយទៅដល់វត្តភូ នៅឡាវផងដែរ ដែលជាអតីតចេនឡាដីគោក។
នេះគឺជាដំណឹងល្អ ខណៈប៉ុន្មានថ្ងៃមកនេះ មានអ្នក ទេសចរណ៍ទៅលេងច្រើន នៅទឹកជ្រោះសុភមិត្ត និងស្រុកឆែប។
កន្លងមកក៏មានការអំទូក រវាងស្រុកឆែប និងខេត្តចម្បាសាក់ ប្រទេសឡាវ ជាលក្ខណៈមិត្តភាពផងដែរ ហើយទៅថ្ងៃអនាគតនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ បន្ទាប់ពីរាជរដ្ឋាភិបាល បានកសាងផ្លូវគ្រួសក្រហម។
ងាកមកពលរដ្ឋវិញ ភាគច្រើននិយាយភាសាឡាវ ដោយសារកន្លងមកពលរដ្ឋ ទាំងពីរមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា៕