ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៩ខាងមុខនេះ នាផ្សារទំនើប AEON MALL សែនសុខ ស៊ីធី (ច្រកចូលធំ Central Court) នឹងរៀបចំពិធីបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ ក្រោមអធិបតីភាព ទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងជញ្ជូន ។
ការដាក់ដំណើរនេះ ដោយមានការចូលរួម ថ្នាក់ដឹកនាំក្រសួង គណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សសយក គ្រឹះស្ថានហរិញ្ញវត្ថុជាដៃគូ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន និងសាធារណជនទូទៅ។
គោលបំណង នៃការដាក់ឱ្យដំណើរការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ គឺដើម្បីផ្តល់ជម្រើសដល់ ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រម ទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែមទៀតផង។ ម្យ៉ាងវិញទៀតនេះ បង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួល ដល់ប្រជាពលរដ្ឋ ក្នុងការទិញលេខចុះបញ្ជីរថយន្ត ដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃយុគសម័យបច្ចេកវិទ្យា។
លក្ខណៈសម្បត្តិ របស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និង ការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការ ផ្ទេរកម្មសិទ្ធិរថយន្ត ផងដែរ។
ចាប់ពីថ្ងៃបើក ឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុង ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត ដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនី ដែល ខ្លួនមាន ឬតម្កល់ប្រាក់ ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបង្កលក្ខណៈ ងាយស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់៕ ដោយ៖ អេង ប៊ូឆេង