ព័ត៌មានជាតិ

ស្ថានទូត ចិន ប្រចាំ កម្ពុជា ផ្ញើ សារ ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជូនចំពោះ ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ

ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា មានការភ្ញាក់ផ្អើលខ្លាំង ចំពោះហេតុការណ៍ បាក់រលំអគារមួយកន្លែង ក្នុងក្រុងកែប ដែលបាន បង្កឲ្យមានការគ្រោះថ្នាក់ ដល់អាយុជីវិត និងរងរបួស យ៉ាងធ្ងន់ធ្ងរ។

តាម រយៈ គេហទំព័រ ហ្វេសប៊ុក របស់ ខ្លួន នៅ ល្ងាច ថ្ងៃ សៅរ៍ ទី៤មករានេះ ស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងទុក្ខព្រួយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ និងសូមជូនពរអ្នករងរបួស ក្នុងឧបទ្ទវហេតុនេះ ឲ្យឆាប់ជាសះស្បើយផងដែរ។

អ្នកទទួលបន្ទុកកិច្ចការ សភាពាណិជ្ជកម្មចិន នៅកម្ពុជាប្រចាំនៅខេត្តព្រះសីហនុ បានអញ្ជើញទៅដល់កន្លែងកើតហេតុ យ៉ាងឆាប់រហ័ស ក្រោយពីទទួលបានដំណឹងនេះ ហើយក៏បានរួមចំណែកឧបត្ថម្ភថវិកា សប្បុរសធម៌ដល់មន្ត្រីដែលតំណាងឲ្យរដ្ឋបាល ខេត្តកែប នេះបានបង្ហាញឲ្យឃើញពីការជួយទុក្ខធុរៈគ្នារវាងចិន និងកម្ពុជា ដែលជាមិត្តភាព ដ៏ជ្រាលជ្រៅប្រៀបដូចបងប្អូននឹងគ្នា។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៤មករានេះ ក្រុមសង្រ្គោះចម្រុះបានរកឃេីញសព២នាក់ទៀត ដែលធ្វើអោយអ្នកស្លាប់កើន៧នាក់ និងរបួស២០នាក់៕

To Top