ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជនរងគ្រោះ២នាក់ម្តាយ កូន ដែលបាន បញ្ជូនពីទីក្រុងកែប ក្រោយពីបាក់រលំអគារបណ្ដាលឲ្យរង របួសធ្ងន់ធ្ងរនិងស្រាលនោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ ខណៈជនរងគ្រោះកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។
លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុនៃរដ្ឋបាលរាជធានីភ្នំពេញតំណាងអោយ លោកឃួង ស្រេង កាលពី ព្រឹកថ្ងៃទី៤ ខែមករា បាននាំយកថវិកា៤លានរៀលដែលជាថវិកាផ្ទាល់របស់លោកឃួង ស្រេង មកប្រគល់ជូនដល់ជនរងគ្រោះឈ្មោះលោកស្រី ជុំ អន ហៅ អូន ភេទស្រីអាយុ៣៥ឆ្នាំ និងកូនប្រុសឈ្មោះ សាយ ចិត្តអាយុ១៥ឆ្នាំ បាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដោយម្តាយរងរបួសបាក់ឆ្អឹងកំភួនដៃស្តាំ និងឆ្អឹងដើមដៃឆ្វេង។រីឯ កូនរងរបួសស្រាល ។
ក្នុងឱកាសនោះពួកគាត់ទាំង២នាក់ ម្តាយ កូនបានថ្លែងអំណរគុណជាអនេកចំពោះ ការឧបត្ថម្ភថវិការបស់ លោកឃួង ស្រេង។
គួរបញ្ជាក់ថា បន្ទាប់ពី ទទួលបានថវិកាជាង ១ លាន ៣ សែន ដុល្លារ ពីសប្បុរសជននានា នៅរសៀល ថ្ងៃទី៤ មករា សម្ដេចតេជោ បានប្រកាសបែងចែកផ្តល់ប្រាក់ឧបត្ថម្ភ ទាំងនោះ ដល់ជនរងគ្រោះ។ ក្នុងនោះចំពោះសព ទទួលបាន៥ ម៉ឺនដុល្លារ និង ១០លានរៀល សម្រាប់ពិធីបុណ្យសព ។ចំណែក អ្នករបួស ម្នាក់ៗ ទទួលបាន ថវិកា១ ម៉ឺនដុល្លារ ៕