ព័ត៌មានជាតិ

ពលរដ្ឋ ១៧៥គ្រួសារ​ រងគ្រោះភ្លើងឆេះផ្ទះ ទទួលបាន​ អំណោយមនុស្សធម៌ កាកបាតក្រហមកម្ពុជា តាមរយៈ​អភិបាលរាជធានី

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យ ចំនួន ១៧៥គ្រួសារ រស់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទទួលបាន អំណោយមនុស្សធម៏ កាកបាតក្រហមកម្ពុជា សាខារាជធានីភ្នំពេញ តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ក្នុងឱកាសនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ​ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់​ ដែលរស់នៅ ក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គិភ័យ ខណៈដែរគ្រោះអគ្គីភ័យ គឺជាគ្រោះមហន្តរាយដ៏ធំមួយ ដែលបងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្ការទុកជាមុន ដើម្បីកុំអោយហេតុការណ៍នេះ កើតឡើង ។

លោកបញ្ជាក់បន្ថែមថា “អ្នកដែលបង្កបង្កើត ឲ្យមានអគ្គីភ័យ បើតាមផ្លូវច្បាប់ ត្រូវមានទោសទណ្ឌថែមទៀត ដែលប្រជាពលរដ្ឋទាំងអស់ ត្រូវតែយល់ដឹងពីបញ្ហានេះ ដោយត្រូវប្រុងប្រយ័ត្នខ្ពស់ និងបង្ការទប់ស្កាត់ ឲ្យបានចំពោះគ្រោះ អាក្រក់ ដែលផ្ដើមឡើង ពីអគ្គិភ័យនេះ”។

លោក ឃួង ស្រេង បានបន្តថា “សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបាន នូវព័ត៌មានដ៏អាក្រក់ខាងលើនេះ បានណែនាំជាបន្ទាន់ មកសាខាកាកបាទក្រហម រាជធានីភ្នំពេញ ដើម្បីនាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋភ្លាមៗ គឺចែកឲ្យបាន មុនពេលថ្ងៃលិច នាថ្ងៃទី៦ ខែមករានេះ។ នៅពេលទទួលបាន ការណែនាំនេះភ្លាម សាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានចុះមកសួរ សុខទុក្ខនិងផ្តល់អំណោយ ជូនប្រជាពលរដ្ឋទាំង ១៧៥គ្រួសារភ្លាមៗតែម្ដង។

បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានស្នើដល់ អាជ្ញាធរខណ្ឌ សង្កាត់​ ត្រូវបន្តមើលការថែទាំ ប្រជាពលរដ្ឋរងគ្រោះទាំងនេះ បើពួកគាត់មានបញ្ហាអ្វី ត្រូវតែចុះមកជួយគាត់ភ្លាម។ ប្រជាពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យទាំង ១៧៥ គ្រួសារនេះ បានទទួលអំណោយពីសាខាកាក បាទក្រហមកម្ពុជា រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានអគ្គីភ័យមួយ បានកើតឡើង ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ចំនួន១៥ខ្នងផ្ទះ ស្មើនិង១៧៥គ្រួសារ (មានបន្ទប់ជួលច្រើន) តែគ្រោះ អគ្គីភ័យនេះ មិនបណ្តាលអោយមាន មនុស្សរងរបួសឬស្លាប់ នោះទេ ពោល គឺបានទទួលរងការខូចខាត ទ្រព្យសម្បត្តិ និងផ្ទះទាំងស្រុង។

ចំពោះមូលហេតុ នៃការឆាបឆេះខាងលើ បើតាមសមត្ថកិច្ច បានបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍នេះ​ ដែលមានរថយន្តពន្លត់អគ្គិភ័យ មកជួយពន្លត់ចំនួន ៤១គ្រឿង និងប្រើប្រាស់ អស់ទឹក៤១ឡាន ។ អគ្គិភ័យនេះបានរលត់ ទៅវិញទាំងស្រុង នៅ៣និង១០យប់ថ្ងៃដដែល៕

To Top