កណ្តាល៖ នាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារ គណ:ពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹង មូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា នៅស្នាក់ការ គណបក្ស ប្រជាជនកម្ពុជា ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។ អង្គពិធី មានការចូលរួមដោយសមាជិក ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងស្រុកពញាឮ ព្រមទាំងបណ្តាឃុំ ក្នុងស្រុកពញាឮ យ៉ាងច្រើនកុះករ ។
ក្រោយពីបានស្តាប់ នូវខ្លឹមសារស្នូលសំខាន់ នៃទិវាជ័យជម្នះ ៧ មករា និងលទ្ធផល នៃសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជា ដែលជម្រាបជូនដោយលោករដ្ឋមន្រ្តីរួចមក អង្គពិធីបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ទិវាជ័យជម្នះ ៧ មករា ដែលបានធ្វើឲ្យប្រទេសជាតិ និងប្រជាជន មានជីវិតរស់រានឡើងវិញ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព ។
អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាត នូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណ សន្តិភាព មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ។
ដើម្បីជាចំណងដៃ សម្រាប់ឆ្នាំថ្មីនេះ លោករដ្ឋមន្ត្រី បានផ្តល់ផ្លូវក្រាលកៅស៊ូ ប្រវែង១២ គីឡូម៉ែត្រ នៅក្នុងឃុំចំនួន៣ របស់ស្រុកពញាឮ និងសាងសង់ស្នាក់ការ គណបក្ស ប្រជាជន កម្ពុជា ស្រុកពញាឮថ្មី ផងដែរ ៕