ព័ត៌មានជាតិ

អាមេរិកបន្តគាំទ្រកម្ពុជា ចំពោះការប្តេជ្ញា សម្រេចឲ្យបាន ក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក W. Patrick Murphy បានប្រកាសបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសម្រេចឲ្យបាន ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា (CSDGs) ពីឆ្នាំ២០១៩-២០៣០។

ការគាំទ្ររបស់លោក W. Patrick Murphy ធ្វើឡើងក្នុងជំនួបជាមួយលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ។

លោករដ្ឋមន្រ្តី ឆាយ ថន ថ្លែងអំណរអរគុណប្រជាជន និងរដ្ឋាភិបាលអាមេរិកជួយផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើន រួមមាន ៖ កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់៧%ក្នុងមួយឆ្នាំៗ ជាពិសេសបានជួយគាំទ្រដល់ក្រសួង តាមរយៈទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ(USAID) រួមនឹងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត ដូចជា UNFPA , UNICEF គាំទ្រលើការអង្កេតប្រជាសាស្ត្រ និងសុខភាព(CDHS) និងអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ។

លោកថា តាមរយៈអង្គការ UNDP ក៏បានជួយក្រសួងរៀបចំក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការដទៃទៀត ។

ចំណែក លោក W. Patrick Murphy បានថ្លែងថា លោកបានមើលឃើញ ពីការរីកចម្រើនរបស់កម្ពុជា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ព្រមទាំងការប្តេជ្ញាចិត្ត ដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឲ្យបានក្របខណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៩-២០៣០ ។ លោកគាំទ្រ និងបន្តធ្វើការយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕

To Top