ព័ត៌មានជាតិ

បនល្បែង ជល់មាន់ និងអាប៉ោង មួយកន្លែង ដ៏ធំនៅឃុំព្រៃ គុយស្រុក កងមាស បើកលេង យ៉ាងគគ្រឹកគគ្រេង គ្មានរំខាន ដល់ អាជ្ញាធរ

ភ្នំពេញ៖ បនល្បែង ជល់មាន់និង អាប៉ោងដ៏ធំមួយស្ថិត នៅភូមិគោហេ ឃុំព្រៃគុយ ស្រុកកងមាស ខេត្តកំ ពង់ចាមបានបើកលេង រាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខាន ពីសមត្ថកិច្ចសោះឡើយខណៈល្បែងភ្នាល់នេះ ចាញ់ឈ្នះខ្ទង់ម៉ឺនដុល្លារ ក្នុងមួយគូ និងមួយក្តារនោះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ បានប្រាប់ឲ្យដឹងថា បនល្បែងជល់មាន់ និង ចាក់អាប៉ោងមួយនេះ គឺបានបើកជាយូរមកហើយ ដោយម្ចាស់ទីតាំង មានឈ្មោះ ឡុង ប៊ុនណា ហៅឆាយ ហើយការបើកនេះគឺមានអ្នកញៀនល្បែង ជល់មាន់ និងអាប៉ោងទៅពីតាមបណ្តា ខេត្តនានា និងភ្នំពេញជាដើម ហើយមានក្រុមអ្នក លេងខ្លះជា សមត្ថកិច្ចផងដែរ។

ប្រភពបានបន្តទៀតថា ចាប់តាំង ពីបនល្បែងមួយនេះ បើកលេងមក គ្មានឃើញសមត្ថកិច្ចណាទៅក្បែរនោះ ទេ ដោយសារតែម្ចាស់ បនល្បែងនេះអាងខ្នងជាអ្នកធំ និងយកដុល្លារទៅបិទភ្នែក អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ហើយមួយវិញទៀតអាជ្ញាធរ នៅក្នុងឃុំនិងស្រុកនោះ ក៏មានទៅលែងផងដែរ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋបាន អំពាវនាវ ឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការជាបន្ទាន់ ផងដែរ ដោយសារតែការលេងនេះ អាចប៉ះពាល់ដល់អ្នកភូមិខណៈ មានអ្នកទៅលេងខ្លះចាញ់ ហើយខឹងបានបើករថយន្តលឿន ដែលអាចធ្វើឲ្យ មានការប៉ះពាល់ដល់អាយុជីវិត អ្នកភូមិនិង កូនសិស្សសាលា ដែលពួកគេទៅរៀនជាដើម។

សូមបញ្ជាក់ថាកាលពីកន្លងទៅ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រប់ភូមិឃុំទាំងអស់ ហាមមិនឲ្យ មានបនល្បែង គ្រប់ប្រភេទ ហើយប្រសិនមាននឹង ត្រូវចាត់វិធានការជាបន្ទាន់។ ប៉ុន្តែបនល្បែងនៅក្នុងភូមិ ឃុំ ខាងលើនេះបានបើក ជាយូរមកហើយដោយ បំពានការអំពាវនាវ របស់ប្រមុខក្រសួង មហាផ្ទៃ និងច្បាប់ដែលត្រូវបានហាមឃាត់ទៀតផង៕

To Top