ព័ត៌មានជាតិ

កម្ពុជាត្រូវបង្កើនសមត្ថភាព គ្រប់គ្រងទឹកសម្រាប់រដូវប្រាំង

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ខែវស្សាជន់ខ្លាំង រីឯខែប្រាំងរាំងរីងគ្មានទឹក បានក្លាយជានិន្នាការ នៃស្ថានភាពគ្រប់គ្រងទឹក សម្រាប់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានសំដែងនូវយោបល់ចេញពីទិដ្ឋភាព នៃស្ថានភាពទឹកនៅតាមភូមិស្រុកថា៖«រដូវប្រាំងនេះ ដឹងតែប្រឈមនឹងការខ្វះ ទឹកទៀតហើយ។ មកដល់ពេលនេះ ព្រែក អូរ ស្ទឹង បឹងមួយចំនួនរីងខះស្ទួតហែង»។

កាលពីខែធ្នូ ឆ្នាំ២០១៩ អគ្គលេខាធិការ គណៈកម្មាការទន្លេមេគង្គ (Mekong River Commission) និង មជ្ឈមណ្ឌលសហប្រតិបត្តិការ ធនធានទឹកឡានឆាង-មេគង្គ របស់ប្រទេសចិន បានចុះអនុស្សារណៈយោគ យល់គ្នាស្តីពី ការគ្រប់គ្រងកាន់តែល្អប្រសើរ លើទឹកទន្លេមេគង្គ។ គោលបំណងនៃអនុស្សារណៈនេះ គឺរួមគ្នា ធ្វើការគ្រប់គ្រង និងអភិវឌ្ឍ ធនធាន ដែលបានមកពីទន្លេ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាព សម្រាប់ប្រទេសពាក់ព័ន្ធ ខ្សែទឹកឡានឆាង-មេគង្គ។ គណៈកម្មការទន្លេមេគង្គ ប្រមាណថា ប្រទេសកម្ពុជាអាចប្រឈម នឹងស្ថានភាពរាំងស្ងួតធ្ងន់ធ្ងរ ជាងប្រទេសជិតខាងខ្លួន ដែលមានឡាវ និងវៀតណាម ហើយស្ថានការណ៍ នឹងកាន់តែអាក្រក់បំផុតរហូតដល់ខែ មករា ក្នុងនោះខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ត្រូវបានគេទស្សន៍ទាយថា រងប៉ះផលពាល់ធ្ងន់ជាងគេ។

ប្រទេសកម្ពុជា មានទន្លេមេគង្គហូរកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងខ្សែទឹករាប់មិនអស់ តែកន្លងមកប្រជា ពលរដ្ឋខ្មែរនៅតែខ្វះខាតទឹក ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការងារ ផលិតរបស់ខ្លួន។

ដើម្បីរួមចំណែក ក្នុងការដោះស្រាយបញ្ហាទឹកក្នុងរដូវប្រាំង កម្ពុជាត្រូវបង្កើនសមត្ថភាព ស្តុកទឹកប្រើប្រាស់ ដែលមាន វិធានការដូចខាងក្រោម៖

  1. ការស្តារ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ដែលមានស្រាប់ជាង ២០០០កន្លែង
  2. ការស្តារប្រព័ន្ធទឹកធម្មជាតិមានដូចជាអូរ ព្រែក ស្ទឹង និងបឹងធម្មជាតិ
  3. ធ្វើការកសាងប្រព័ន្ធស្តុកទឹកបន្ថែម ដោយរាប់បញ្ចូលដល់ការជីកស្រះ តាមគ្រួសារ និងសហគមន៍៕
To Top