ព័ត៌មានជាតិ

សម្តេចហេង សំរិន នឹងដឹកនាំគណៈប្រតិភូសភា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅប្រទេសអូស្រា្តលី

ភ្នំពេញ ៖ សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ដែលកិច្ចប្រជុំនេះ នឹងដំណើរការចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី៨ ខែមករានេះ បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួម កិច្ចប្រជុំ APPF របស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ តបតាមការអញ្ជើញ របស់ប្រធានស្ថាប័ន នីតិប្បញ្ញត្តិប្រទេសអូស្រ្តាលី ។ តាមសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ថា សម្តេច ហេង សំរិន នឹងអញ្ជើញ ឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ ក្នុងនាមសម្តេច ធ្លាប់ជាប្រធាន APPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅពេលដែលសភាប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ ។

ជាមួយគ្នានេះ សម្តេចក៏នឹងអញ្ជើញឡើងថ្លែង បទអន្តរាគមន៍ ចែករំលែកបទពិសោធន៍ ពីការដឹកនាំនិងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ផងដែរ ។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់និងសកលលោក ។

អង្គការសភាមួយនេះ មានសមាជិក ២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឺឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ កូស្តារីការ ។

សភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ។
កំឡុងពេលចូលរួមកិច្ចប្រជុំ ក្នុងប្រទេសអូស្រ្តាលីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយសមភាគី ប្រធានរដ្ឋសភា ប្រទេសអូស្រា្តលី និងទទួលជូបសវនាការ ជាមួយថ្នាក់ដឹកនាំសភា ប្រទេសជាមិត្តមួយចំនូនទៀត ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ វិស័យការទូតសភាកម្ពុជា នៅលើឆាកអន្តរជាតិ ទំាងក្របខ័ណ្ឌពហុភាគី និងទ្វេភាគី ។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀត នឹងចូលរួមកិច្ចប្រជុំ តាមគណៈកម្មាធិការជាច្រើនរបស់ APPF ដែលមានដូចជា គណៈកម្មាធិការ នយោបាយ និងសន្តិសុខ គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសមាជិកសភាស្រ្តី និងគណៈកម្មាធិការប្រកាសរួម គណៈកម្មាធិការសហប្រតិបត្តិការតំបន់ ជាដើម ៕

ដោយ ៖ ស សំណាង

To Top