ព័ត៌មានជាតិ

ជប៉ុន ផ្ដល់ជំនួយ ឥតសំណង ៣៦ម៉ឺនដុល្លារ សម្រាប់គម្រោង នានានៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយ ចំនួន ៣៦៣,២២៤ដុល្លារ ដល់អង្គភាពចំនួន៣ ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ ។

គម្រោង៣ រួមមាន ៖ ទី១-កែលម្អផ្លូវថ្នល់ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានថវិកាចំនួន ១៨,៥៦០ដុល្លារ , ទី២-សាងសង់អគារ សម្រាកពេទ្យ នៅមណ្ឌលសុខភាព ទឹកឃ្លាំង ក្នុងខេត្តកណ្ដាល ថវិកាចំនួន ៩០,៨៥០ដុល្លារ និងទី៣-សាងសង់ស្ថានីយផលិតទឹកស្អាត ខ្នាតតូច នៅឃុំចំនួន៧ ក្នុងខេត្ត២ នាទិសពាយ័ព្យ ថវិកាចំនួន ៩០,៨១៤ដុល្លារ ។

ក្នុងពិធីចុះហត្ថលេខា ផ្ដល់ជំនួយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានប្រសាសន៍ថា «រដ្ឋាភិបាលជប៉ុន បាននិងកំពុងអនុវត្តកម្មវិធី KUSANONK នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១ ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការអនុវត្តគម្រោងរបស់ពួកគេ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្ដល់ជំនួយលើសពី ៦០០គម្រោងទាំងនោះ តាមរយៈជំនួយ KUSANONK ។ យើងមានសេចក្ដីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពនៅកម្រិតមូលដ្ឋាន»។

ជាងនេះទៅទៀត ទូតជប៉ុនសង្កេតឃើញថា កម្ពុជាកំពុងមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ។ ទោះបីយ៉ាងណាក៏ដោយ ជប៉ុនទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈ មួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាជន ។

លោកទូតបន្តថា ជប៉ុននឹងបន្ដចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈម ទាំងនោះតាមរយៈគម្រោង សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍផ្សេងៗ ៕

ដោយ ៖ អេង ប៊ូឆេង

To Top