ព័ត៌មានជាតិ

កម្ពុជាបណ្តេញជនជាតិចិន៦១នាក់ ឲ្យត្រឡប់ទៅវិញ

ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើប និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៦១នាក់ ស្រី៦នាក់ ត្រឡប់ទៅស្រុកកំណើតវិញ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ។

បើតាមគេហទំព័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកស្រង់សំដីលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល គឺ ជនសង្ស័យខាងលើ ទទួលមកពីនាយកដ្ឋាន ប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បទល្មើសឆបោក តាមប្រព័ន្ធទូរគមនាគមន៍ ត្រូវបានបណ្តេញចេញ តាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលកម្ពុជារយៈពេល៣ឆ្នាំ ដោយមានយន្តហោះពិសេស ចំនួន ២គ្រឿងមកទទួល ។

ក្នុងនោះបែងចែកជា ២ក្រុម ៖ ក្រុមទី១ ជើងហោះហើរលេខ MF 8810 ជនសង្ស័យចំនួន ២៦នាក់ ស្រី៥នាក់ និងក្រុមទី២ ជើងហោះហើរលេខ MU 7044 ជនសង្ស័យចំនួន ៣៥នាក់ ស្រីម្នាក់ ព្រមទាំងមានការចូលរួម សហការពីសំណាក់ តំណាងស្ថានទូតចិនប្រចាំកម្ពុជា រួមជាមួយសមត្ថកិច្ចនគរបាល ពី ចិនមកទទួល និង អមដំណើរទៅវិញផងដែរ ៕

To Top