ព័ត៌មានជាតិ

តម្លៃស្វាយបន្តធ្លាក់ចុះយ៉ាងគំហុក! សមាគមសហព័ន្ធស្វាយកម្ពុជា នឹងកោះប្រជុំក្រុមឈ្មួញកណ្តាលម្តងទៀត ស្វែងរកដំណោះស្រាយ ទប់ស្កាត់ការធ្លាក់ចុះនេះ

ភ្នំពេញ៖ ក្រោយពីតាមដាន អស់រយៈពេលប៉ុន្មានថ្ងៃរួចមក សង្កេតឃើញថា រោងចក្រក្នុងស្រុក កំពុងបន្តទម្លាក់តម្លៃផ្លែស្វាយយ៉ាងគំហុក ខណៈតម្លៃលើទីផ្សារអន្តរជាតិ ពុំមានការធ្លាក់ចុះនោះ សមាគមសហព័ន្ធស្វាយកម្ពុជា នឹងកោះប្រជុំក្រុមឈ្មួញកណ្តាលម្តងទៀត នៅថ្ងៃទី១៣ ខែមករាខាងមុខ ដើម្បីស្វែងរកដំណោះស្រាយ ទប់ស្កាត់ការធ្លាក់ចុះនេះ ។

លោកអ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគមសហព័ន្ធស្វាយកម្ពុជា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៨ មករានេះថា បន្ទាប់ពីបានតាមដាន អស់រយៈពេល ៤ថ្ងៃកន្លងទៅនេះ លោកសង្កេតឃើញថា រោងចក្រក្នុងតំបន់ កំពុងបន្តទិញទម្លាក់តម្លៃស្វាយយ៉ាងគំហុក ថ្ងៃនេះស្វាយកែច្នៃ ទិញចូលដល់រោងចក្រ នៅសល់ត្រឹមតែ៩៥០រៀល ក្នុងមួយគីឡូក្រាម ចំណែកតម្លៃក្នុងចំការធ្លាក់ចុះ នៅតម្លៃត្រឹម៧០០រៀល ក្នុងមួយគីឡូក្រាម។

លោកអ៊ិន ឆៃវ៉ាន ឲ្យដឹងបន្ថែមថា ដោយឡែកខាងសមាគមសហព័ន្ធស្វាយកម្ពុជា នៅបន្តទិញ១២៥០រៀល ក្នុងមួយគីឡូក្រាម (តម្លៃក្នុងចំការ) ចំពោះចំការ ដែលបានចុះកសិកិច្ចសន្យា (Contract farming)មុនគេ។ តម្លៃ១២៥០រៀល នឹងត្រូវបិទបញ្ចប់ ក្នុងរយៈពេល៥ថ្ងៃខាងមុខ ត្រឹមបរិមាណ១០០០តោន។

លោកអ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិ សមាគមសហព័ន្ធស្វាយកម្ពុជា បានសង្កត់ធ្ងន់ថា” អ្វីដែលជាការចាប់អារម្មណ៍របស់ខ្ញុំ គឺថាដំណាប់ស្វាយកែច្នៃ នៅលើទីផ្សារអន្តរជាតិ ពុំមានការធ្លាក់ចុះទេ តើហេតុអ្វីបានជាតម្លៃផ្លែស្វាយ រោងចក្រក្នុងស្រុករបស់យើង បែរជាមានតម្លៃថោក ជាងប្រទេសជិតខាងទៅវិញ? នៅក្នុងខេត្តកំពង់ស្ពឺរបស់យើង មានរោងចក្រកែច្នៃដំណាប់ជាង១០រោងចក្រ ពួកគាត់ដូចជាត្រូវគ្នាណាស់ ក្នុងការជាន់តម្លៃស្វាយ ឲ្យធ្លាក់លើកនេះ។ នៅថ្ងៃទី១៣ មករានេះ យើងនឹងកោះប្រជុំក្រុមឈ្មួញកណ្តាលម្តងទៀត នៅសាលាឃុំត្រែងត្រយឹង ដើម្បីស្វែងរកដំណោះស្រាយ ទប់ស្កាត់ការធ្លាក់ចុះនេះ”។

សូមរំលឹកថា កាលពីថ្ងៃទី២ ខែ មករា កន្លងទៅសមាគមសហព័ន្ធស្វាយកម្ពុជា បានជួបពិភាក្សាគ្នាម្ដងរួចមកហើយ ជាមួយរដ្ឋបាលសាលាឃុំ ត្រែងត្រយឹង និងម្ចាស់ដេប៉ូ ទិញស្វាយចំនួន៦រូបផ្សេងទៀត ដោយឡែកម្ចាស់ដេប៉ូចំនួន១០ទៀត មានការរវល់មិនបានចូលរួមនោះទេ៕

To Top