ភ្នំពេញ ៖ ក្រុមសហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការទាក់ទងសិទ្ធិមនុស្ស បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា សាងសង់ស្តូបដើម្បីទុករំលឹក ការចង់ចាំដល់អ្នកពាក់ព័ន្ធ ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តព្រះសីហនុ និងខេត្តកែប ។
លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធី នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “រដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាគុណភាព និងសុវត្ថិភាពនៅកន្លែងការងារ សម្រាប់កម្មករសំណង់” នៅទី៨ ខែមករា ឆ្នាំ២០១៩ថា បំណងនៃការសាងសង់ស្តូបនេះ ធ្វើឡើងដើម្បីក្រើនរំលឹក ដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យមានការចងចាំនូវករណីបាក់រលំអគារទាំងនេះ ហើយធ្វើយ៉ាងណាការពារ កុំឲ្យករណីបែបនេះកើតឡើងបន្តទៀត។
លោកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងផ្តល់ទីតាំងមួយសមរម្យ ក្នុងការសាងសង់ស្តូបទាំងពីរនេះ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបហេតុការណ៍ បាក់រលំអាគារចំនួន២លើករួចមកហើយ ដែលបានបង្ក ឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ លើកទី១ កើតឡើងនៅខេត្តព្រះសីហនុ បាក់អាគារចំនួន៧ជាន់ បង្កឲ្យមានកម្មករស្លាប់ចំនួន២៨នាក់ និងរបួសប្រមាណជា៤០នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ លើកទី២នៅខេត្តកែប បាក់អាគារ៦ជាន់នៅទីរួមក្រុងកែបតែម្តង កាលពីថ្ងៃ៣ មករា ថ្មីៗនេះ ធ្វើឲ្យកម្មករស្លាប់៣៦នាក់ និងរបួស២៣នាក់ ៕