ព័ត៌មានជាតិ

ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០១៩ កើនឡើង ១៩% បើធៀបនឹង ឆ្នាំ២០១៨

រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស. ។

នេះគឺជាការផ្តល់ជូនកាដូ ដ៏វិសេសវិសាលបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសបងប្អូនកម្មការិនី ជាស្រ្តីសម្រាលកូន ដើម្បីឆ្លើយតប ទៅនឹងជីវភាព របស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាត ក្នុងអំឡុងពេល សម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់ សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាក របស់បងប្អូន កម្មករនិយោជិត។

យោងតាមរបាយការណ៍ របស់បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុប ប្រមាណជាង ៥៧ពាន់លានរៀល ដល់កម្មការិនី ជាសមាជិក ប.ស.ស សម្រាលកូនចំនួន ១៤២៥០៣ នាក់ ដែលមានចំនួនកូន សរុបចំនួន ១៤៣៥០០នាក់ (ស្រ្តីសម្រាល បានកូនភ្លោះពីរ មានចំនួន ៩៧៩នាក់ និងកូនភ្លោះបី មានចំនួន ០៩នាក់) ។

គិតតែក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណជាង ៣១ពាន់លានរៀល ត្រូវបានបើកផ្តល់ជូន ដល់កម្មការិនីសម្រាលកូនតាមរយៈ ប.ស.ស. ហើយមានការកើនឡើង រហូតដល់ទៅ ១៩% ធៀបទៅនឹងឆ្នាំ២០១៨ ។

នេះសបញ្ជាក់អំពី ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការផ្ទាល់ ។

គួររំលឹកផងដែរថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក គ្រប់កម្មការិនី សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ នឹងទទួលបាន គោលរបបប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលក្នុងនោះរួមមាន ៖

– សម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល

– សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល

– សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ហើយអ្វីដែលគួរឱ្យត្រេកអរបំផុត កូនភ្លោះទាំងបីជាកូនរបស់សម្តេចតេជោ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៥លានរៀល ៕

To Top