ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ សង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ច អាចប៉ះពាល់ដល់កម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចបច្ចុប្បន្ននេះ កម្ពុជាកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ព្រោះវាក៏អាចមានផលប៉ះពាល់ មកលើប្រទេសកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មី ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា ពាណិជ្ជកម្មសកលលោក ក៏ជាបញ្ហាយ៉ាងសំខាន់សម្រាប់កម្ពុជា។

សម្ដេច មានប្រសាសន៍ថា «សង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចមួយចំនួន បច្ចុប្បន្នក៏ជាកត្តាមួយ កម្ពុជាកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ដោយសារតែទោះតិច ឬច្រើន ក៏អាចមានផលប៉ះពាល់ មកលើប្រទេសកម្ពុជា ក៏ដូចជា ស៊ុយអ៊ែត ផងដែរ»។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា សព្វថ្ងៃនេះរាជរដ្ឋាភិបាល កំពុងថែរក្សាសុខសន្ដិភាព ពីព្រោះសន្ដិភាព មានទំនាក់ទំនងទៅដល់វិស័យជាច្រើន ដូចជា ៖ ការអភិវឌ្ឍសង្គម ,ការគោរពច្បាប់ និងគោរពសិទ្ធិមនុស្ស។

រដ្ឋមន្ដ្រីមហាផ្ទៃ បន្ដថា សន្ដិភាព គឺជាកត្តាអាទិភាពដែលរាជរដ្ឋាភិបាល ត្រូវថែរក្សាឲ្យបានគង់វង្ស។

ចំណែក ទូតស៊ុយអ៊ែតថ្មី បានលើកឡើងថា ស៊ុយអ៊ែតគាំទ្រ ចំពោះការពង្រីកទំនាក់ទំនងរវាង ស៊ុយអ៊ែត-កម្ពុជា ដើម្បីធ្វើពាណិជ្ជកម្ម ជាមួយគ្នាបន្ថែមទៀត។

លោកទូតបានមើលឃើញថា ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលសព្វថ្ងៃ ក្នុងការលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីដំណើរការអភិវឌ្ឍន៍កម្ពុជា៕ ដោយ ៖ អេង ប៊ូឆេង

To Top