ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមពិធីបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០២០ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា, សាលានាយទាហានសកម្ម នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។
លោក ម៉ាណែត សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ ហើយក្នុងនោះ ក៏មានការចូលរួមអបអរសាទរ ពីសំណាក់មិត្តសេនានុព័ន្ធ អនុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្មួយៗសិស្សានុសិស្ស ក្នុងស្រុកឧត្តុង្គផងដែរ។
ការរៀបចំការប្រកួតកីឡា កងយោធពលខេមរភូមិន្ទកន្លងមក ដោយមានការចូលរួមរបស់មហាជន ក៏បានចូលរួមចំណែកយ៉ាងសំខាន់ លើការជំរុញការប្រាស្រ័យ ទាក់ទងរវាងកងទ័ព និងមហាជន និងបានលើកកម្ពស់ការយល់ដឹង របស់មហាជនអំពីតម្លៃ និងកិត្តិយស នៃវិជ្ជាជីវៈជាយោធិន។
លោកឧត្តមសេនីយ៍បន្ថែមថា នៅក្នុងការប្រកួតនេះ ពិតណាស់មានក្រុម ដែលទទួលបានចំណាត់ខ្ពស់ និងចំណាត់ថ្នាក់ទាប ប៉ុន្តែជាស្មារតីរួម គ្មានអ្នកចាញ់ទេ គឺយើងឈ្នះទាំងអស់គ្នា ពីព្រោះបេសកកម្ម ដែលជាគោលដៅសំខាន់ របស់យើងនៅពេលនេះ គឺការរៀបចំប្រកួតកីឡា កងយោធពលខេមរភូមិន្ទមួយឱ្យបានរលូន ត្រឹមត្រូវ យុត្តិធម៌ និងរក្សាបានសាមគ្គីភាពទាំងអស់គ្នា ដូច្នេះបន្ទាប់ពីការប្រកួតបានបញ្ចប់ គឺមានន័យថា បេសកកម្មរបស់ក្រុមនីមួយៗក៏បានបញ្ចប់ គឺចប់ដោយជោគជ័យ ចប់ដោយការខិតខំប្រឹងប្រែង ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំការប្រកួត ក៏បានបញ្ចប់ការងាររបស់ខ្លួន ដោយសុក្រឹត្យផងដែរ។ ទាំងនេះ គឺជាជោគជ័យធំនៅក្នុងថ្ងៃនេះ គឺយើងអាចបញ្ចប់បេសកកម្ម នៅក្នុងការប្រកួត ដោយទទួលបានជោគជ័យទាំងអស់គ្នា ដើម្បីចូលរួមអបអរសាទរ ខួបអនុស្សារីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ០៧ មករា។
ទិវាជ័យជម្នះ ០៧ មករា គឺជាព្រឹត្តិការណ៍របស់ជាតិខ្មែរទំាងមូល ជាតថភាពនៃការរស់ឡើងវិញ របស់យើងទាំងអស់គ្នា ប៉ុន្តែការទទួលស្គាល់តថភាពនេះ ត្រូវផ្អែកលើការសួរសំណួរ ០២ ថាតើខ្មែរក្រហម បានកាប់សម្លាប់មនុស្ស នៅជំនាន់ឆ្នាំពួកគេ គ្រប់គ្រងអំណាចក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ ដែរ ឬទេ? ថាតើការផ្តួលរំលំរបបប៉ុលពត បានបញ្ឈប់ការកាប់សម្លាប់មនុស្សបន្តទៀត ដោយជួយស្រោចស្រង់ជីវិតឱ្យខ្មែររស់ឡើងវិញ ឬយ៉ាងណា? ដូច្នេះ វាមិនសំខាន់នោះឡើយ ចំពោះការឱ្យនិយមន័យ ឬការប្រើពាក្យបែបណា ចំពោះព្រឹត្តិការណ៍ ០៧ មករា ប៉ុន្តែអ្វីដែលសំខាន់ គឺសកម្មភាព និងលទ្ធផលនៃសកម្មភាពនោះ ដែលមានអត្ថន័យសំខាន់ជ្រាលជ្រៅបំផុត។
លោក លើកឡើងថា ចំពោះមនុស្សគ្រប់រូប អ្វីដែលមានតម្លៃបំផុត គឺជីវិត។ មានជីវិត ទើបមានអនាគត។ សូមអរគុណសន្តិភាព ដែលនាំឱ្យជីវិតយើងរស់ និងនាំមកនូវសេចក្តីសុខ។ មានពេលខ្លះ តម្លៃនៃសន្តិភាព ដែលមានតម្លៃស្មើនឹងខ្យល់ ដកដង្ហើមរបស់យើង ត្រូវបានគេមើលមិនឃើញ និងមិនចាប់អារម្មណ៍ឱ្យតម្លៃ ឱ្យស័ក្តិសមនឹងគុណតម្លៃរបស់វា ហើយពេលបាត់បង់ ទើបចាប់ផ្តើមឱ្យតម្លៃ។ ដូច្នេះ ជាការដឹងគុណចំពោះសន្តិភាព និងភាពសុខសាន្ត យើងត្រូវចូលរួមថែរក្សាសន្តិភាព និងបង្កើនភាពរឹងមាំ ឱ្យជាតិរបស់យើងបន្តទៀត ហើយក៏សូមអរគុណផងដែរ ចំពោះអ្នករកសន្តិភាព ដែលទទួលបាន តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួមរបស់ប្រជាជនទាំងអស់គ្នា។ ថ្នាក់ដឹកនាំ, អ៊ំពូងមីងយោធិន និងប្រជាជនយើង បានធ្វើការលះបង់ច្រើនណាស់ ដើម្បីបុព្វហេតុជាតិមាតុភូមិមួយនេះ។
នៅខាងក្រោម ដែលត្រូវពង្រឹងឱ្យរឹងមាំ៕