ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ និងចាត់ចែងការងារអន្តរាគមន៍ បូមទឹកពីស្ទឹងសិរីសោភ័ណ បញ្ជូនទៅកាន់ស្ទឹងមង្គលបូរី

បន្ទាយមានជ័យ ៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០ បានអញ្ជើញចុះពិនិត្យ និងចាត់ចែងការងារ អន្តរាគមន៍បូម ទឹកពីស្ទឹងសិរីសោភ័ណ ស្ថិតក្នុងក្រុងសិរីសោភ័ណ បញ្ជូនទៅកាន់ស្ទឹងមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជិតនឹងរីងខះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកមង្គលបូរី ប្រមាណ ៨ ពាន់គ្រួសារ ប្រឈមនឹងកង្វះខាតទឹក ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។

ក្នុងឱកាសនេះផងដែរ និងដើម្បីដោះស្រាយបញ្ហានេះ នាពេលខាងមុខផងនោះ លោករដ្ឋមន្ត្រីបានសម្រេចផ្ដល់ជូន នូវស្ថានីយបូមទឹកហ៊ុនសែន ( បណ្តែត) ដែលមានទុយោទំហំ ៥ តឹក ចំនួន ០១ ស្ថានីយ ព្រមទាំងបានណែនាំ ឲ្យក្រុមអ្នកបច្ចេកទេស ធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ប្រឡាយបេតុង ០១ ខ្សែ ប្រវែងប្រមាណ ៨ គីឡូម៉ែត្រ ចេញពីស្ថានីយ ទៅភ្ជាប់នឹងស្ទឹងមង្គលបុរី ដែលប្រឡាយនេះ មានតួនាទីជាប្រឡាយស្រោចស្រពផង និងជាប្រឡាយនាំទឹក សម្រាប់ការប្រើប្រាស់នៅក្នុងស្រុកមង្គលបុរីផងដែរ ។ មកដល់ពេលបច្ចុប្បន្ន នេះ សម្រាប់ស្រុកមង្គលបូរី មិនទាន់មានអ្វី ត្រូវព្រួយបារម្ភនោះទេ ដោយលោករដ្ឋមន្ត្រី បានសម្រេចតម្លើងម៉ាស៊ីនបូមទឹក ចំនួន ៣គ្រឿង បូមទឹកបង្ហូរ ទៅស្ទឹងមង្គលបូរី ។

គួរបញ្ជាក់ជូនថា ក្នុងឆ្នាំ ២០១៩- ២០២០ នេះ ស្រុកមង្គលបូរី បានបង្កបង្កើនផលស្រូវប្រាំង រហូតដល់ទៅ ៨ ម៊ឺនហិកតា ( ផែនការខេត្តបានដាក់ចុះ ៧ ពាន់ហិកតាតែប៉ុណ្ណោះ ) ។
ចំពោះបញ្ហាបង្កបង្កើនផល ស្រូវប្រាំងនេះ ត្រូវបានក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយអន្តរាគមន៍បូមទឹក សង្គ្រោះរួចរាល់អស់ហើយ មិនមានអ្វីចោទជាបញ្ហាទេ ៕

To Top