ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឲ្យមានរបាយការណ៍ច្បាស់លាស់ លើការដោះស្រាយសំណូមពរពលរដ្ឋ

ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សា ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានស្នើអាជ្ញាធរ បង្ហាញស្នាដៃដាក់ក្នុងរបាយការណ៍ ឲ្យបានច្បាស់លាស់ លើការដោះស្រាយ សំណូមពរប្រជាពលរដ្ឋ បើទោះបីដោះស្រាយមិនបាន ក៏ត្រូវបញ្ជាក់មូលហេតុ ដើម្បីបន្តដោះស្រាយ ឲ្យសម្រេចក្នុងឆ្នាំ២០២០។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធររាជធានីភ្នំពេញ លើការបង្ក្រាប និងខិតខំទប់ស្កាត់បញ្ហាគ្រឿងញៀនតាមមូលដ្ឋានបានស្នាដៃធំធេង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនៅតែកើតមាន តាមសង្កាត់-ខណ្ឌ ដូចជាការយកចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ដូរ , ការបង្កភាពអនាធិតេយ្យ , បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ , បញ្ហាចរាចរណ៍ និងគ្រឿងញៀនជាដើម ដែលអាជ្ញាធរត្រូវបន្ត យកចិត្តទុកដាក់ដោះស្រាយ ។

ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញសេចក្តីព្រាងរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ដែលមាន១៨៩ទំព័រ ដើម្បីដាក់ជូនក្រុមប្រឹក្សាពិភាក្សា និងអនុម័តនៃជាលទ្ធផល ការអនុវត្តកាងារគ្រប់វិស័យ ក្នុងរយៈពេលមួយឆ្នាំ២០១៩៕ ដោយ៖ ម៉ៅ ដារាត់

To Top