បរទេស៖ ថាមពលអគ្គិសនីជិត ២០០ មេហ្គាវ៉ាត់ ពីទំនប់ដនសាហុងក្នុងប្រទេសឡាវ បានភ្ជាប់បណ្តាញអគ្គិសនី មកប្រទេសកម្ពុជាហើយ បន្ទាប់ពីទំនប់នេះ បានបញ្ចប់ការសាកល្បងលើម៉ាស៊ីនភ្លើងចំនួន ៤ ។
បើតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមកាសែត Khmer Times ផ្សាយកាលពីពុធថា ការភ្ជាប់ចរន្តអគ្គិសនី ត្រូវបានធ្វើឡើងរវាងឧបករណ៍ បញ្ជូនបណ្តោះអាសន្ននៅក្នុងប្រទេសឡាវ និងឧបករណ៍បញ្ជូននៅខេត្តស្ទឹងត្រែង របស់ប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ។
លោក Victor Jona អគ្គនាយកថាមពល នៅក្រសួងរ៉ែនិងថាមពលកម្ពុជា បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចូលជាផ្លូវការ គ្រោងនឹងនាំចូលនៅត្រីមាសទី ១ ក្នុងឆ្នាំ២០២០នេះ។
លោក Jona បាននិយាយថា នៅពេលប្រតិបត្តិការជាផ្លូវការ កម្លាំងអគ្គិសនី ១៩៥ មេហ្កាវ៉ាត់ នឹងត្រូវបញ្ជូនចេញពីទំនប់ទៅព្រំដែន ដែលបន្ទាប់មក ភ្ជាប់ទៅនឹងបណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ាត់នៅស្ទឹងត្រែង ទៅរាជធានីភ្នំពេញ។
អគ្គនាយកថាមពល នៅក្រសួងរ៉ែនិងថាមពលកម្ពុជារូបនេះ បាននិយាយថា “ បណ្តាញភ្ជាប់នេះ គឺដើម្បីត្រៀមរៀបចំដំណើរការ ប្រតិបត្តិការផ្លូវការ នៃការនាំចូលថាមពលពីប្រទេសឡាវ មកកម្ពុជានៅត្រីមាសទី ១ ក្នុងឆ្នាំនេះ” ៕ ប្រែសម្រួលៈ ដើមអម្ពិល