ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងថា ពុំមានការសាងសង់ស្តូបទុក សម្រាប់រំលឹកនៃការចងចាំ ដល់អ្នកដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែបនិងខេត្តព្រះសីហនុឡើយ ព្រោះមិនមានសារប្រយោជន៍អ្វីឡើយ សម្រាប់ទុកជាប្រវត្តិសាស្រ្ត ។
ក្រុមសហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដែលធ្វើការទាក់ទងសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានស្នើរាជរដ្ឋាភិបាលកម្ពុជា សាងសង់ស្តូប ដើម្បីទុករំលឹកការចងចាំ ដល់អ្នកពាក់ព័ន្ធ និងអ្នកស្លាប់ ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តព្រះសីហនុ និងខេត្តកែប ។
លោក ផៃ ស៊ីផាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ថា “ចំពោះអ្នកស្លាប់ ក្នុងករណីបាក់រលំអគារនោះ គ្រាន់តែជានិម្មិតរូបមួយតែប៉ុណ្ណោះ ហើយមិនមានសារសំខាន់អ្វី សម្រាប់ទុកជាប្រវត្តិសាស្រ្ត របស់កម្ពុជាឡើយ ព្រោះកម្ពុជាកំពុងធ្វើកំណែទម្រង់ច្បាប់សំណង់ ។ ច្បាប់ស្ដីពីសំណង់ នឹងចូលជាធរមាន នៅខែមករានេះ ផងដែរ” ។
លោកសង្កត់ធ្ងន់ថា អ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងជាងគេ គឺការអនុវត្តច្បាប់ប៉ុណ្ណោះ ។
អ្នកនាំពាក្យបន្តថា “ចំពោះខាងយើងខ្ញុំយល់ឃើញថា ដូចជាមិនមានសេចក្ដីផ្លូវការ ឬសារប្រយោជន៍ ក្នុងការធ្វើនិមិ្មតរូប នៃការបាត់បង់ជីវិតនៃក្រុមនោះទេ” ។
លោកឲ្យដឹងទៀតថា ការដែលមិនមានការសាងសង់ស្តូប ព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកបាត់បង់ជីវិត ពីការបាក់អាគារនោះរួចរាល់ហើយ ។ ដោយសម្ដេចបានអញ្ជើញ ចុះទៅដល់ទីកន្លែងហេតុ ដើម្បីបញ្ជាកម្លាំងផ្ទាល់ដោយខ្លួនឯង ។
លោកបន្ថែមថា ដូចច្នេះស្តូបគ្រាន់តែជានិម្មិតរូប នៃព្រឹត្តិការណ៍តែប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលបានបង្ហាញ សកម្មភាពជាក់ស្តែង និងសមិទ្ធផលជាសកល និងយូរអង្វែង ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបហេតុការណ៍ បាក់រលំអាគារចំនួន២លើករួចមកហើយ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ លើកទី១ កើតឡើងនៅខេត្តព្រះសីហនុ បាក់អគារចំនួន៧ជាន់ បង្កឲ្យមានកម្មករស្លាប់ ចំនួន២៨នាក់ និងរបួសប្រមាណជា៤០នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ លើកទី២នៅខេត្តកែប បាក់អាគារ៦ជាន់ នៅទីរួមក្រុងកែបតែម្តង កាលពីថ្ងៃ៣ មករា ថ្មីៗនេះ ធ្វើឲ្យកម្មករស្លាប់៣៦នាក់ និងរបួស២៣នាក់ ៕ ដោយ៖ធី លីថូ