ព័ត៌មានជាតិ

លោក ព្រាប កុល សរសើរក្រសួង រកវិធី ឲ្យពលរដ្ឋចំណាយ ថវិកា បង្កើនចំណូលចូលរដ្ឋ ករណីផ្លាកលេខ រថយន្តពិសេស

ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល បានកោតសរសើរ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេះរកវិធីសាស្រ្ត ឲ្យប្រជាពលរដ្ឋខ្មែរ ចំណាយថវិកា ដើម្បីបង្កើន ចំណូលចូលរដ្ឋ ក្នុងផ្លាកលេខ រថយន្តពិសេស សម្រាប់ដើមឆ្នាំ២០២០នេះ ។

ប្រធានបទ នៃផ្លាកលេខរថយន្តពិសេសនេះ បានក្លាយជាប្រធាន បទមួយមានការវែកញែកគ្នា យ៉ាងផុសផុលនៅលើបណ្តាញ សង្គមហ្វេសប៊ុក ចំពោះតម្លៃ ព្រោះផ្លាកលេខខ្លះទៀត មានតម្លៃថ្លៃជាងរថយន្ត ដែលទិញជិះទៅទៀត ។ ផ្លាកលេខថ្មីពិសេសនេះ គឺប្រើមួយជីវិត ដោយដាក់ឈ្មោះខ្លួនឯង ខណៈប្រទេសក្បែរខាង បានធ្វើបែបនេះ ជាយូរមកហើយ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក ព្រាប កុល បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ សង្កេតឃើញគេផ្អើលនាំគ្នា និយាយអំពីការកុម្មង់ ទិញផ្លាកលេខរថយន្តពិសេស ដែលមានឈ្មោះ ឬអត្តសញ្ញាណម្ចាស់ រថយន្ត ឬផ្ទាល់ខ្លួន ដែលមានតម្លៃរាប់ សិបលានរៀល។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះករណីនេះ លោកថា “សរសើរដល់ក្រសួង ដែលចេះនឹករកវិធីឲ្យពលរដ្ឋខ្លួន ចំណាយលុយ ដើម្បីបង្កើនចំណូលដល់រដ្ឋ ។ ប៉ុន្តែខ្ញុំសូមទោស ដែលនិយាយថា ការចាយលុយហាក់ដូចជា ឥតបានទទួលតម្លៃបន្ថែមអ្វីម កដល់ពលរដ្ឋវិញទេ ឬនិយាយម្យ៉ាងទៀតថា ពលរដ្ឋខ្ជះខ្ជាយលុយ ឥតប្រយោជន៍” ។

ជាមួយគ្នានេះ លោកក៏បានបង្ហាញគុណ វិបត្តិមួយចំនួនផងដែរ អាចមានការលំបាកក្នុងការ រាយការណ៍បន្ទាន់ ដល់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសម្ចាស់រថយន្តបើក រថយន្តរត់គេចខ្លួនពីការទទួលខុសត្រូវ (ប្រសិនបើមានឈ្មោះស្ទួន) ។

លោកបានលើកពីករណីផ្ទាល់ខ្លួនថា កុំថាឡើយទៅដល់ការចំណាយ ថវិកាផ្ទាល់ខ្លួន ដើម្បីកុម្មង់ទិញផ្លាករថយន្តពិសេស ដែលមានឈ្មោះលោក សូម្បីតែមាន គេចេញថវិកាឲ្យ ហើយដាក់ផ្លាកលេខឈ្មោះខ្លួនឯង ហើយបង់ប្រាក់បន្ថែម ឲ្យរាប់សិបលានទៀត ក៏លោកមិនធ្វើផ្លាក លេខប្រភេទនេះដែរ ៕

To Top