ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅ បញ្ចេញកម្លាំង ប្រមូលសំរាមដោយផ្ទាល់ ក្រោយកម្មករស៊ីនទ្រី ធ្វើកូដកម្ម មិនចេញយកសំរាម កាលពីយប់

ភ្នំពេញ ៖ ក្រោយពីកម្មករស៊ីនទ្រី ធ្វើកូដកម្ម មិនចេញប្រមូលសំរាម កាលពីយប់មិញនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានបញ្ចេញ កំលាំងសណ្តាប់ធ្នាប់ខណ្ឌ ចេញអន្តរាគមន៍កើបប្រមូលសម្រាមតាមផ្លូវជាតិលេខ១ ។

លោក ចេង មុនីរ៉ា បានអោយដឹងថា ការងារនេះអាជ្ញាធរខណ្ឌ បន្តចុះធ្វើជាប្រចាំ អោយដូចភ្លៀងរលឹមមិនថា ថ្ងៃឬយប់នោះទេ តួយ៉ាងដូចពេលនេះអ៊ីចឹង ពិសេសនាថ្ងៃចុងសប្ដាហ៍ គឺកម្លាំងសណ្តាប់ខណ្ឌ ចុះប្រមូលសំរាម មិនមានកកស្ទះនោះឡើយ ។

ជាមួយគ្នានេះលោកអភិបាល ខណ្ឌច្បារអំពៅ ក៏បានអំពាវនាវ ដោយសំណូមពរ ទៅដល់បងប្អូនប្រជាជនទូទៅ និងបងប្អូនអាជីវករ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងយើង អោយកាន់តែល្អប្រសើរ មានផាសុខភាពផងដែរ ពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៩ ខែមករា នេះ កម្មករស៊ីនទ្រី រួមមានអ្នកបើកបររថយន្តដឹកសំរាម និងកម្មករ បានធ្វើកូដកម្មមិនព្រម ចេញប្រមូលសំរាម ដែលធ្វើអោយមានការអាក់ខាន ក្នុងការប្រមូលសំរាម ៕

To Top