ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ពង្រឹងការអនុវត្តច្បាប់ ស្តីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន ដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានរៀបចំដែនដី មន្ទីររៀបចំដែនដី គ្រប់រាជធានី-ខេត្ត។
កាលពីថ្ងៃទី៣ មករា មានករណីបាក់រលំអគារនៅខេត្តកែប បណ្តាលឲ្យមនុស្សស្លាប់៣៦នាក់ និងរងរបួស២៣នាក់ ។ មុនការបាក់អគារនេះ កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ ក៏មានករណីបាក់រលំអគារផងដែរ នៅព្រះសីហនុ ដែលពេលនោះ ធ្វើឲ្យកម្មករស្លាប់២៨នាក់ និងរបួស៤០នាក់។
ប៉ុន្តែសង្កេតឃើញថា ក្រោយពីមានបាក់អគារទាំងនេះមក មានរូបភាពជាច្រើន ត្រូវបានបញ្ចេញក្នុងហ្វេសប៊ុក បង្ហាញពីអាគារសាងសង់ឡើង ដោយខុសច្បាប់បច្ចេកទេស ដែលបានកំណត់ នៅតាមបណ្តារាជធានី-ខេត្ត មួយចំនួនផងដែរ ៕