បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបើកភ្លើងពណ៌ បៃតងដល់ការលក់យន្ដហោះចម្បាំង F-35B ចំនួន ១២ គ្រឿងទៅកាន់ប្រទេសសិង្ហបុរី ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង ២,៧ ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ បានប្រគល់លិខិតបញ្ជាក់អំពីភាពចាំបាច់ដែលជូនដំណឹង ដល់សភា អំពីការលក់ដែលអាចកើត មាននៅថ្ងៃនេះ ចេញផ្សាយនៅព្រហស្បតិ៍ថា ក្រសួងការបរទេស បានធ្វើការប្តេជ្ញាចិត្តក្នុងការអនុម័ត ការលក់យោធាបរទេសដែលអាចធ្វើទៅ បានដល់ប្រទេសសិង្ហបុរី រហូតដល់ទៅ ១២គ្រឿងនៃយន្ដហោះចម្បាំង F-35B និងឧបករណ៍ដែលពាក់ព័ន្ធ ក្នុងតម្លៃប្រមាណ ២,៧៥០ ពាន់លានដុល្លារអាមេរិក។
កាលពីដើមខែនេះ ទីភ្នាក់ងារគ្រប់គ្រងកិច្ចសន្យាការពារជាតិ របស់មន្ទីរបញ្ចកោណ (DMCA) បាននិយាយថា ក្រុមហ៊ុន Lockheed បានប្រគល់យន្តហោះចម្បាំងចំនួន ១៣៤ គ្រឿងក្នុងឆ្នាំ ២០១៩។ ចាប់តាំងពីឆ្នាំ ២០១៦ យន្តហោះចំនួន ៤៥៨ គ្រឿងត្រូវបានដាក់ពង្រាយ ក្នុងចំណោមប្រមាណ ៣៥០០ គ្រឿងដែលបានគ្រោងទិញ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ពី អូស្ត្រាលី ទៅប៉ូឡូញ។
សូមជម្រាបថា យន្តហោះ F-35 របស់ក្រុមហ៊ុន Lockheed Martin គឺជាយន្តហោះចម្បាំងបំបាំងកាយពហុជំនាញជំនាន់ទី ៥ ។ យន្តហោះនេះត្រូវបានគេចាត់ទុកថា ជាកម្មវិធីអាវុធថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ដោយវដ្តជីវិតដែលបានគ្រោង ទុកមានចន្លោះពី ១ ពាន់ពាន់លានដុល្លារទៅ ១,៥ ពាន់ពាន់លានដុល្លារ៕ ប្រែសម្រួលៈ ណៃ តុលា