ព័ត៌មានជាតិ

អាមេរិកបង្ហាញចំណាប់អារម្មណ៍ ជួយជំរុញវិស័យសាធារណការ កម្ពុជាឲ្យរីកចម្រើនមួយកម្រិតទៀត

ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ ជួយទៅលើវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងនានា ដែលអាមេរិកអាចចូលរួមចំណែក អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន មួយកម្រិតទៀត។

ក្នុងជំនួបពិភាក្សាការងាជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ លោក Patrick Murphy បានថ្លែងថា ការខិតខំប្រឹងប្រែងរបស់ក្រសួង ដែលសម្រេចបាននិងកំពុងបន្ត ព្រមទាំងទិសដៅការងារ នាពេលអនាគតរបស់ក្រសួង ក្រោមគំនិតផ្តូចផ្ដើមកំណែទម្រង់ថ្មីៗ ផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ យន្តការបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលសេវាសាធារណៈជូនពលរដ្ឋ។

លោក មានប្រសាសន៍ថា «ចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើ វិស័យសាធារណៈការ និងដឹកជញ្ជូន ជាពិសេស លើគម្រោងនានាដែលសហរដ្ឋអាមេរិក អាចចូលរួមចំណែក ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពកម្ពុជា ឲ្យឆ្ពោះទៅរកភាពរីកចម្រើន មួយកម្រិតទៀត។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល បានស្វាគមន៍ចំពោះកិច្ចសហការ ជាមួយអាមេរិក ដែលទាក់ទងទៅនឹងគម្រោងនានា ក្នុងពេលអនាគត ដើម្បីជំរុញការអភិវឌ្ឍ វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង៕ដោយ ៖ អេង ប៊ូឆេង

To Top