ព័ត៌មានជាតិ

ម្តាយតារាចម្រៀង ពេជ្រ សូលីកា ជាប់សង្ស័យសម្លាប់ស្រ្តីភេទទី៣ ដែលជាសង្សា

ភ្នំពេញ ៖សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ដែលជាម្តាយតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា ដែលបានធ្វើកម្មភាព សម្លាប់ស្ត្រីភេទទី៣ម្នាក់ ក្នុងបុរីវីឡាថោន (VILLA TOWN) ទៅធ្វើត្រាប់ពីការសម្លាប់ជនរងគ្រោះ នៅផ្ទះទីតាំងកើតហេតុ ស្ថិតនៅផ្លូវលេខV16A ផ្ទះលេខL45A ក្នុងភូមិទួលរកាក្រុម១០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ គឺផ្ដើមចេញនៃការបាត់ចិញ្ចៀនពេជ្រចំនួន២វង់ ទើបបានឈានដល់ដំណាក់កាល ឈ្លោះប្រកែកគ្នា រហូតធ្វើឲ្យជនសង្ស័យសម្លាប់ជនរងគ្រោះតែម្ដង ។

សូមជម្រាបថា ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្នុង VILLA TOWN ។សពស្ត្រីរងគ្រោះមានឈ្មោះ សុខ លី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរចងការប្រាក់ និងរាប់លុយ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

លោក ម៉េង វិមានតារ៉ា អធិការខណ្ឌមានជ័យបានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ មករាថា ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ។ សពជនរងគ្រោះត្រូវបានជនសង្ស័យសម្លាប់តាំងពីយប់ថ្ងៃទី១១ មករា រហូតដល់រសៀលថ្ងៃទី១២ ទើបមានការរាយការណ៍ដល់សមត្ថកិច្ចថា មានករណីជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ។ តាមជំនាញ និងការត្រួតពិនិត្យរបស់សមត្ថកិច្ច បានបង្ហាញថា ករណីនេះ គឺជាការសង្កត់ទប់ដង្ហើម រហូតដល់ដាច់ខ្យល់ស្លាប់តែម្ដង។ ទោះជាមានការយកលេះថា ជនរងគ្រោះមានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូងជាដើម ជនសង្ស័យនៅតែមិនអាចលាក់បាំង ទង្វើព្រៃផ្សៃរបស់ខ្លួនបានដែរ ចុងក្រោយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារមិនឃើញពាក់ចិញ្ចៀនពេជ្រ២វង់ ។

ក្រោយពីការធ្វើត្រាប់ ជនសង្ស័យត្រូវបានកម្លាំងនគរបាល នៃអធិការខណ្ឌមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ៕

To Top