ព័ត៌មានជាតិ

លោក គង់ គាំ ៖ កឹម សុខា សម្រេចចូលតុលាការ តែ សម រង្ស៊ី សម្រេចដឹកនាំធ្វើបាតុកម្ម ប្រឆាំងកឹម សុខា

ភ្នំពេញ ៖ អ្នកនយោបាយជើងចាស់ របស់អតីតគណបក្សសង្រ្គោះជាតិ(CNRP) បានឡើងសារវាយប្រហារក្រុម លោក កឹម សុខា និងលោក សម រង្ស៊ីទៀតហើយ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ។ សារវាយប្រហារនោះ លោកថា ពីជំហានមួយទៅជំហានមួយ គឺចប់ជំហានចាញ់ ចូលជំហានចុង គឺ កឹម សុខា សម្រេចចូលតុលាការ ទទួលការជំនុំជម្រះទោស ប៉ុន្តែលោកសម រង្ស៊ី បែរសម្រេចដឹកនាំបាតុកម្ម ប្រឆាំងការសម្រេចចិត្តរបស់ លោកកឹម សុខា ប្រឆាំងតុលាការរហូត ។

ចំណុចនេះ លោកអះអាងថា គឺកាន់តែលាតត្រដាងយ៉ាងចំហ និងយ៉ាងទូលំទូលាយថា ក្រុមកឹម សុខា បានព្រមដើរតាមច្បាប់ តាមតុលាការ (ថ្នាក់ដំបូង-ថ្នាក់ឧទ្ធរណ៍-ថ្នាក់កំពូល) ដើម្បីឈានទៅទទួលនីតិសម្បទា ធ្វើនយោបាយឡើងវិញឲ្យទាន់ពេលវេលា ។

ចំណែកក្រុម សម រង្ស៊ី សម្រេចបន្តដំណើរក្រៅច្បាប់ ដោយផ្ញើជោគវាសនាលើអាមេរិក និងសហភាពអឺរ៉ុប ឲ្យដាក់សម្ពាធដើម្បីផ្តួល-ប្តូរ ដើម្បីឈូសតុលាការ ដើម្បីឆាការបោះឆ្នោតឆ្នាំ២០១៨ ហើយទុកខ្លួនជាឧបករណ៍ប្រឆាំងចិន ប្រឆាំងវៀតណាម ដែលនេះគឺជានយោបាយពោរពេញ ដោយគ្រោះថ្នាក់ អស្ថេរភាព គ្មានអនាគត សុខចំរើនច្បាស់លាស់ទាល់តែសោះ សំរាប់អនាគតកម្ពុជា ។

ចំពោះរូបមន្ត សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ លោក គង់ គាំបន្តថា មិនអាចទៅរួចទេ ព្រោះផ្ទុយពីសារជាតិជាក់ស្តែងរបស់មនុស្ស ។ ទោះបីប្តូរយុទ្ធសាស្ត្រ សម រង្ស៊ី និង កឹម សុខា ជាមេដឹកនាំពីរមានគោលដៅតែមួយ ក៏ជៀសមិនរួចពីមានឈ្មោះ ជាអ្នកបាននាំឲ្យអតីតCNRPដួល និងដេកគ្មានថ្ងៃងើប និងធ្វើឲ្យប្រជាពលរដ្ឋខកចិត្តអស់ជំនឿ យ៉ាងធ្ងន់ធ្ងររួចទៅហើយដែរ ។

អតីតអ្នកនយោបាយ របស់បក្សប្រឆាំងទស្សន៍ទាយថា មិនថាក្រុម សម រង្ស៊ី ឬក្រុម កឹម សុខាទេ បើចង់បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ បើចង់ផ្សះផ្សាជាតិ ចូរបង្រួបបង្រួមក្រុម សម រង្ស៊ី និងក្រុម កឹម សុខា ឲ្យបានជាមុនសិន។

បើតាមការផ្សព្វផ្សាយ របស់វិទ្យុអាស៊ីសេរី អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស មកពីបណ្ដារដ្ឋផ្សេងៗក្នុងសហរដ្ឋអាមេរិក បានមកជួបជុំគ្នា នៅរសៀលថ្ងៃ១១ មករា នៅមុខវិមានរដ្ឋសភា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យទម្លាក់ចោល រាល់បទចោទប្រឆាំង លោក កឹម សុខា និងទាមទារឲ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕

To Top